នាថ្ងៃទី២៩ ខែសីហា តុលាការនៃប្រទេសបារាំងបានសម្រេចបើកការស៊ើបអង្កេតជាផ្លូវការ លើមហាសេដ្ឋី និងជាស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov បន្ទាប់ពីឃុំខ្លួនលោកអស់រយៈពេលប៉ុន្មានថ្ងៃមកនេះ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN បានបង្ហាញថា អំឡុងពេលស្ថិតក្រោមការស៊ើបអង្កេត លោក Durov នឹងមិនអនុញ្ញាតឲ្យធ្វើដំណើរចាកចេញពីប្រទេសបារាំងនោះឡើយ។
ទន្ទឹមនឹងនោះ លោកក៏មានសិទ្ធជួលមេធាវី ដើម្បីធានារូបលោកឲ្យរស់នៅក្រៅឃុំ រង់ចាំការកាត់ទោសពីតុលាការផងដែរ តែតម្លៃសម្រាប់លោះរូបលោកឲ្យរស់នៅក្រៅឃុំនោះ គឺប្រហែល ៥,៥លានដុល្លារ និងតម្រូវឲ្យរាយការណ៍ជូនប៉ូលិស ២ដងក្នុងមួយសប្ដាហ៍។
សូមជម្រាបដែរថា បើទោះជាតុលាការប្រកាសបើកការស៊ើបអង្កេតផ្លូវការ លើមហាសេដ្ឋីកាន់សញ្ជាតិបារាំង និងអារ៉ាប់រួមក៏ពិតមែន តែមកទល់ពេលនេះតុលាការនៅមិនទាន់ធ្វើការចោទប្រកាន់ផ្លូវការ លើករណីណាមួយចំពោះលោក Durov ឡើយ។
គួររំលឹកបន្តិចថា លោក Durov ត្រូវបានក្រុមប៉ូលិសបារាំងឃាត់ខ្លួនភ្លាមៗ នៅប្រលានយន្តហោះ Le Bourget កាលពីថ្ងៃទី២៤ ខែសីហា និងបានឃុំខ្លួនរយៈពេល ៩៦ម៉ោង ខណៈតុលាការបង្ហើបថា ការចាប់ខ្លួននេះជាប់ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មរីកសុះសាយ លើប្រព័ន្ធអ៊ីនធឺណិត ដែលបង្កមកពីកង្វះខាតកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Telegram និងអាជ្ញាធរ ស្របពេលក្រុមហ៊ុន Telegram អះអាងថា ពួកគេគ្មានអ្វីលាក់បាំងឡើយ ហើយការចាប់ខ្លួនស្ថាបនិករូបនេះ គឺជាទង្វើមិនអាចទទួលយកបានទាល់តែសោះ៕