នាឡិកាខ្នាតធំ កម្ពស់រហូតដល់ ៣៥ម៉ែត្រ ជាមួយមុខនាឡិកាដែលមានអង្កត់ផ្ចិតជិត១០ ម៉ែត្រ ដែលជាសមិទ្ធផលថ្មីរបស់ខេត្តកំពតបន្ទាប់ពីរូបសំណាក់សេះសមុទ្រ បានដំឡើងរួចរាល់ហើយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត។
រដ្ឋបាលខេត្តកំពត បានបង្ហាញក្តីរំពឹងទុកថា ក្រោយពីនាឡិកានេះដំឡើងរួចរាល់ ខេត្តកំពតនឹងកាន់តែមានភាពទាក់ទាញ ហើយភ្ញៀវទេសចរនឹងមកលេងកម្សាន្តកាន់តែច្រើនជាងមុន ព្រោះសមិទ្ធផលនាឡិកាដែលខ្ពស់ជាងគេនេះ គឺជាសមិទ្ធផលថ្មីមួយទៀតបន្ទាប់ពីរូបសំណាកសេះសមុទ្របាញ់ទឹកដែលមានភាពទាក់ទាញ និងក៏ពុំដែលមាននៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ មន្ទីទេសចរណ៍ខេត្តកំពត់ ក៏បានបង្ហោះសារអបអរសាទ ខេត្តកំពតទទួលបានសមិទ្ធផលធំ “នាឡិកាយក្ស” ដែលជាទស្សនីយភាពថ្មី ជូនទេសចរណ៍ មកកម្សាន្តខេត្តកំពត ដែនដីដ៏សម្បូរបែប។
គួរបញ្ជាក់ថា ខេត្តកំពត ក្រោមកិច្ចចង្អុលការ និងដឹកនាំដោយផ្ទាល់ពីសំណាក់លោក ម៉ៅ ធនិន ជាអភិបាលខេត្ត បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងជាវិស័យអាទិភាពក្នុងការអភិវឌ្ឍមុនគេ។ ជាក់ស្តែងក្នុងរយៈពេលកន្លងមក ក្រោយសមិទ្ធផលទេសចរណ៍ជាច្រើនបានលេចចេញជារូបរាង មានដូចជា៖ ឆ្នេរខ្សាច់កម្សាន្ត សួនហាត់ប្រាណ សួនលំហែ ពិសេសរូបសំណាកសេះសមុទ្របាញទឹក ក្នុងមួយសប្តាហ៍ៗខេត្តកំពតមានភ្ញៀវទេចរមកសម្រាកកម្សាន្តប្រមាណជាង ៥ម៉ឺននាក់៕