ភ្នំពេញ៖ ជីប ម៉ុង ជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស ចូលខ្លួនជ្រោមជ្រែង និងលើកកម្ពស់វិស័យសិល្បៈដែលជាសម្បត្តិវប្បធម៌បន្សល់ទុកពីដូនតា និងជាស្នូលសំខាន់នៃទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្រោមកិច្ចសហការឧបត្ថម្ភមូលនិធិដល់ សមាគមសិល្បករខ្មែរ នូវថវិកា ៧៧៧,៧៧៧ ដុល្លារ រយៈពេល១០ឆ្នាំ។
ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា កិច្ចសហការនេះនឹងក្លាយជាចលករមួយយ៉ាងសំខាន់ក្នុងការបង្កើតព្រឹត្តិការណ៍សិល្បៈធំៗ ដើម្បីបង្កើនឱកាសការងារដល់សិល្បករ-សិល្បការិនី បញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ព្រមទាំងជួយផ្សព្វផ្សាយមរតក និងវប្បធម៌ជាតិឱ្យកាន់តែទូលំទូលាយ។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា ក្រោមស្មារតីស្រលាញ់សិល្បៈខ្មែរ រក្សាអត្តសញ្ញាណខ្មែរ ខ្មែរ ប៊ែវើរីជីស ចាត់ទុកការអភិវឌ្ឍន៍ និងអភិរក្សសិល្បៈវប្បធម៌ជាស្នូលសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។ យើងគាំទ្រយ៉ាងពេញទំហឹងលើឆន្ទៈ «រក្សាចាស់ បង្កើតថ្មី» ដើម្បីបង្កើនប្រសិទ្ធភាពនៃការច្នៃប្រឌិត ដើរឱ្យទាន់សម័យឌីជីថល និងបណ្តុះគំនិតកូនខ្មែរឱ្យចូលរួមថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីខ្មែរ។ សំខាន់បំផុតនោះ ភាពរីកចម្រើននៃស្នាដៃសិល្បៈនឹងជួយជំរុញកំណើនភ្ញៀវទេសចរណ៍ចូលមកទស្សនា និងស្រាវជ្រាវបន្ថែមនូវ ទស្សនីយភាពសិល្បៈបុរាណ និងសម័យ ក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែង ក្រោមការយកចិត្តទុកដាក់ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បច្ចុប្បន្នកំពុងបង្កើតកម្មវិធីសិល្បៈ និងព្រឹត្តិការណ៍តន្រ្តីជាមួយបណ្ដាក្រុមហ៊ុន និងផលិតកម្មធំៗមួយចំនួនដូចជាៈ ការប្រគំតន្ត្រី Cambodia Lite Station និង KIZZ Concert នៅស្ថានីយទូរទស្សន៍ PNN, ការប្រគំតន្រ្តី Bond For More និង EXPREZ Concert នៅស្ថានីយទូរទស្សន៍ ហង្សមាស, កម្មវិធី 1-2-3 EXPREZ នៅស្ថានីយទូរទស្សន៍ បាយ័ន និងការប្រគំតន្ត្រីខ្នាតតូចនៅតាមបណ្ដាខេត្តក្រុងនានា។ កន្លងមក ខ្មែរ ប៊ែវើរីជីស ក៏បានបង្កើតព្រឹត្តការណ៍ប្រគំតន្រ្តីទេសចរណ៍ទូទាំងប្រទេសច្រើនជាងគេ និងត្រៀមរៀបចំ ៤ ព្រឹត្តការណ៍ផ្សេងទៀតក្នុង ១សប្តាហ៍ នារដូវប្រាំងខាងមុខនេះ។
ជាមួយគ្នានោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ មានប្រសាសន៍ថា តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានាពេលនេះ គឺជាតឹកតាង សបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់ លោកអ្នកឧកញ៉ា សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង ចំពោះការចូលរួមលើកតម្កើងតម្លៃនៃវិស័យសិល្បៈវប្បធម៌ ជាតិ និងយល់ច្បាស់ពីសុខទុក្ខរបស់សិល្បករ-សិល្បការិនីទាំងអស់ ជាពិសេសចំពោះសិល្បកររាមច្បងដែលមានវ័យកាន់តែច្រើន និងកំពុងប្រឈមនឹងបញ្ហាផ្សេងៗ ដែលត្រូវការមូលនិធិឧបត្ថម្ភទ្រទ្រង់ជាចាំបាច់។
គួរបញ្ជាក់ដែរថា ជីប ម៉ុង ជាក្រុមហ៊ុនរបស់សហគ្រិនខ្មែរ ដែលលេចធ្លោជាងគេនៅកម្ពុជា ចូលរួមមិនស្ទាក់ស្ទើរ លើកិច្ចការជួយសង្គម និងសកម្មភាពសប្បុរសធម៌ជាច្រើន ជាមួយប្រមុខរាជរដ្ឋាភិបាល និងស្ថាប័ននានា។ ជីប ម៉ុង ដែលជាក្រុមហ៊ុនមេរបស់ ខ្មែរ ប៊ែវើរីជីស តែងតែជ្រោមជ្រែង និងឧបត្ថម្ភជាហូរហែ ស្ទើរតែគ្រប់វិស័យនៅកម្ពុជា រួមមានវិស័យកីឡា សុខាភិបាល ទេសចរណ៍ អប់រំ និងវិស័យសិល្បៈនេះជាដើម៕