បង់ក្លាដែស កំពុងស្វែងរកការគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីចូលរួមជាសមាជិកថ្មីរបស់អាស៊ាន

អន្តរជាតិ

ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ននៃប្រទេសបង់ក្លាដែស លោក Muhammad Yunus កាលពីពេលថ្មីៗនេះ បាននិងកំពុងស្វែងរកការគាំទ្រពីប្រទេសម៉ាឡេស៊ី ដើម្បីស្នើសុំចូលរួមជាសមាជិកនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់អាស៊ាន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការស្នើសុំនេះ ត្រូវបានធ្វើឡើង អំឡុងពេលលោក Yunus បានជួបពិភាក្សាគ្នាជាមួយស្នងការជាន់ខ្ពស់ម៉ាឡេស៊ី ប្រចាំនៅប្រទេសបង់ក្លាដែស លោកស្រី Haznah Md Hashim នៅក្នុងទីក្រុង Dhaka កាលពីថ្ងៃពុធ ទី២៨ ខែសីហាកន្លងទៅ។

មិនតែប៉ុណ្ណោះ ប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរូបនេះ បាននិយាយទៀតថា ប្រទេស​បង់ក្លាដែស​អាច​ជា​ស្ពាន​មួយ​រវាង​អាស៊ាន ​និង​ សមាគម​អាស៊ី​ខាង​ត្បូង​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ (SAARC) ប្រសិនបើពួកគេអាចចូលរួមជាសមាជិកថ្មីរបស់អាស៊ាននោះ។

ជាការឆ្លើយតប ស្នងការជាន់ខ្ពស់ម៉ាឡេស៊ី លោកស្រី Haznah ដែលជិតចាកចេញពីប្រទេសបង់ក្លាដែស នៅពេលបញ្ចប់អាណត្តិរយៈពេល ៤ឆ្នាំរបស់លោកស្រី បានបញ្ជាក់ថា ម៉ាឡេស៊ី ដែលគ្រោងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៥ នឹងបញ្ជូនសំណើរបស់លោក Yunus ទៅកាន់អាជ្ញាធរពាក់ព័ន្ធ។ ហើយលោកស្រី​ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ម៉ាឡេស៊ី ​ក្នុង​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​បណ្ដោះអាសន្ន​ដែលដឹកនាំ​ដោយ​លោក Yunus ផងដែរ។

ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្តោះអាសន្ន លោកYunus ដែលមានតួនាទីស្មើនឹងនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីទំនាក់ទំនងជិតស្និទ្ធរវាងបង់ក្លាដែស និងម៉ាឡេស៊ី ហើយបាននិងកំពុងស្វែងរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយគ្នាបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកស្រី Haznah បាននិយាយទៀតថាក្រុមហ៊ុនម៉ាឡេស៊ី បានវិនិយោគក្នុងចំនួនទឹកប្រាក់ ៥ពាន់លានដុល្លារ នៅបង់ក្លាដែស ហើយពួកគេនឹងបន្តបោះទុនវិនិយោគបន្ថែមទៀត។ នេះបើយោងតាមរបាយការណ៍ពីសារព័ត៌មាន Sangbad Sangstha ៕