CDC៖ គម្រោងវិនិយោគដែលលេចធ្លោជាងគេប្រចាំឆ្នាំចំនួន៦ នឹងមានវត្តមាននៅក្នុងតំបន់ធំៗចំនួន២

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ មានគម្រោងវិនិយោគ៣៩១ ក្រោមទុនសរុបជាង៧.៥ពាន់លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ទន្ទឹមគ្នានេះ មានគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំឆ្នាំចំនួន៦ ដែលនឹងត្រូវមានវត្តមាននៅតំបន់ធំៗចំនួន ២ គឺ ក្រៅតំបន់សេដ្ឋកិច្ចពិសេស និងក្នុងតំបន់សេដ្ឋកិច្ចពិសេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ៣៩១ ដែលបានអនុម័តគម្រោងថ្មី ក្នុងនោះមានគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេរួមមាន៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន គឺ១៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន២,៨៧០បន្ទប់ និងមជ្ឈមណ្ឌល ពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ៥៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន៣,៨៦០កន្លែង។ ២៖ គម្រោងវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក អានុភាព១៥០ MW តាមរូបភាព Build Operate Transfer (BOT) ដែលមានទីតាំងស្ថិតនៅស្ទឹងមេទឹក ស្រុកមណ្ឌលសីមា ខេត្តកោះកុង ក្នុងទុន វិនិយោគប្រមាណជាង៤៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន២២០កន្លែង។និង៣​៖ គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យចំនួន២ ដែលមានទីតាំងស្ថិតនៅ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណជាង១៣៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារ បានចំនួន៩៧កន្លែង។

ដោយឡែក ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ រួមមាន៖១៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេស យូ ប៊ី អ៊ុ ស្នួល ក្នុងទុនវិនិយោគប្រមាណជាង៤៣០លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ២,០០០កន្លែង។ ២៖ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត ដែលមានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេស ស៊ីន បាវិត ក្នុងទុនវិនិយោគ២៥៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។

និង៣៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីចំនួន ៥កន្លែង ដែលមានទីតាំងស្ថិតនៅខេត្តកំពង់ឆ្នាំង ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តកោះកុង ក្នុងទុនវិនិយោគប្រមាណ៣៧៤លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានចំនួន ២,២៥០កន្លែង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ ក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុនវិនិយោគសរុប៕ ​អត្ថបទ៖ រង្សី