ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានឯកអគ្គរាជទូតកម្ពុជា កាលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានសហការគ្នារៀបចំ សិក្ខាសាលាស្តីពី “បរិយាកាសវិនិយោគ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា (Business Environment and Investment Opportunities in Cambodia)”។
សិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមាន លោក ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ព្រមទាំងភាគីពាក់ព័ន្ធប្រមាណ ៥០នាក់។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងស្ថានឯកអគ្គរាជទូតកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះ មានគោលបំណងដើម្បីផ្សព្វផ្សាយអំពីបរិយាកាសវិនិយោគ សក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលមានភាពបើកចំហ និងមានតម្លាភាព ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគនៅកម្ពុជា។
ជាលទ្ធផល សិក្ខាសាលាបានបញ្ចប់ដោយផ្លែផ្កា និងទទួលបានចំណាប់អារម្មណ៍ខ្ពស់ពីវិនិយោគិនជប៉ុន ជាពិសេសបានបញ្ជាក់ពីការអញ្ជើញមកប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងផ្ទាល់នៅកម្ពុជា ក្នុងទិសដៅពិនិត្យលទ្ធភាពក្នុងការវិនិយោគ នាពេលខាងមុខ។
សូមរម្លឹកដែរថា ក្នុងរយៈពេល១ឆ្នាំ ពោលគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មី និង គម្រោងពង្រីកផលិតកម្មចំនួន ៣៩១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៧.៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។នេះបើយោងតាមការចុះផ្សាយដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)កាលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ជារួមក្នុងរយៈពេល១ឆ្នាំនេះដែរ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន ១៦៨ គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឲ្យកត់សម្គាល់ដល់ទៅប្រមាណ ៤,៦៧២លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៦១% ធៀបនឹងរយៈពេលដូចគ្នា ១ឆ្នាំចុងក្រោយនៃរាជរដ្ឋាភិបាល នីតិកាលទី៦៕ អត្ថបទ៖ រង្សី