ក្រុមហ៊ុនអាកាសចរណ៍ជាតិម៉ាឡេស៊ី ប្រកាសកាត់បន្ថយជើងហោះហើរ ២០% នៅឆ្នាំនេះ

អន្តរជាតិ

Malaysia Aviation Group (MAG) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ Malaysia Airlines បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហាកន្លងទៅថា ខ្លួននឹងកាត់បន្ថយសមត្ថភាពហោះហើរ ២០% រហូតដល់ដំណាច់ឆ្នាំ២០២៤ នេះ ចំពេលមានការខ្វះខាតយន្តហោះ កម្លាំងពលកម្ម និងគ្រឿងបន្លាស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន MAG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយនេះ នឹងពាក់ព័ន្ធជាមួយជើងហោះហើរនៅក្នុងស្រុក ក៏ដូចជាជើងហោះហើរក្នុងតំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងជើង អូស្ត្រាលី នូវែលសេឡង់ ចិន អាស៊ីខាងត្បូង និងមជ្ឈិមបូព៌ា។

មិនតែប៉ុណ្ណោះ និយតករអាកាសចរណ៍ស៊ីវិលរបស់ប្រទេសម៉ាឡេស៊ី ក្នុងសប្តាហ៍នេះ ក៏បានប្រកាសកាត់បន្ថយ​ថិរវេលា​វិញ្ញាបនបត្រប្រតិបត្តិករអាកាសចរណ៍របស់ក្រុមហ៊ុន Malaysia Airlines ពីរយ:ពេល ៣ឆ្នាំ មកត្រឹមតែ ១ឆ្នាំវិញ បន្ទាប់ពីមានការស៊ើបអង្កេតដែលបានរកឃើញបញ្ហាបច្ចេកទេសសំខាន់ៗ នៅក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ រួមទាំងកង្វះកម្លាំងពលកម្មជំនាញ និងផ្នែកមេកានិច។

ជុំវិញបញ្ហានេះ ក្រុមហ៊ុន MAG បាននិយាយថា ការកាត់បន្ថយនេះ គឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែការផ្តោតអារម្មណ៍សំខាន់របស់យើង គឺផ្តល់អាទិភាពដល់អតិថិជនជាមុនសិន ដោយធានាថាយើងអាចផ្តល់កាលវិភាគហោះហើរដែលអាចទុកចិត្តបាន និងធានាបាននូវបទពិសោធដ៏ល្អបំផុតដែលអាចធ្វើទៅបានសម្រាប់អតិថិជនរបស់យើង៕