កាលពីថ្ងៃទី២៩ ខែសីហា ថ្នាក់ដឹកនាំកំពូល ក្រុមហ៊ុន ជីប ម៉ុង រួមមាន លោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយក ពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ បានរៀបចំពិធីក្រុងពាលី នៅទីតាំងសួនច្បារវត្តវត្តបទុមវតី ដើម្បីសុំសេចក្ដីសុខក្នុងការរៀបចំព្រឹត្តិការណ៍ GUMBALL3000 នៅកម្ពុជា ដែលនឹងធ្វើឡើងនាខែកញ្ញាខាងមុខ ក្រោមអធិបតីភាពថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងរាជរដ្ឋាភិបាល និងក្រុមហ៊ុន ជីប ម៉ុង ចូលរួមដោយសមាជិកនៃស្ថាប័នពាក់ព័ន្ធនានា។
ព្រឹត្តិការណ៍ដ៏កក្រើកមិនធ្លាប់មាននៅប្រទេសកម្ពុជានេះ នឹងប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ពីថ្ងៃទី១៥ ១៦ និង១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយថ្ងៃដំបូងគឺនៅទីតាំងរង្វង់មូលវិមានឯករាជ្យ នៅរាជធានីភ្នំពេញ ខណៈ២ថ្ងៃបន្ទាប់ ចាប់ផ្ដើមធ្វើដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ខេត្តសៀមរាប មុនបន្តដំណើរទៅកាន់ទីក្រុងប៉ោយប៉ែត ឆ្លងព្រំដែនទៅកាន់ប្រទេសថៃ។
ព្រឹត្តិការណ៍ Gumball3000 នៅកម្ពុជា នឹងមានការចូលរួមពីរថយន្តស្ព័រទំនើបៗរាប់រយគ្រឿង ដោយ Supercar និង Hypercar ប្រហែល ១៣០គ្រឿង គឺជារថយន្តរបស់សមាជិក Gumball3000 ដែលមកពីប្រទេសប្រហែល ៤០ប្រទេស។
សូមជម្រាបដែរថា ក្រុមហ៊ុន ជីប ម៉ុង បានដាក់ក្ដីរំពឹងទុកខ្ពស់ថា នឹងអាចរៃអង្គាសបានទឹកប្រាក់យ៉ាងតិចណាស់ ២០ម៉ឺនដុល្លារ ពីព្រឹត្តិការណ៍ខ្នាតយក្សមិនធ្លាប់មាននៅកម្ពុជា ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ខណៈលោកឧកញ៉ា លាង ពៅ (ភីធើរ) អះអាងថា កញ្ចប់ទឹកប្រាក់ដែលទទួលបានពីការរៃអង្គាសក្នុងកម្មវិធីមួយនេះ នឹងបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារអង្គរ មិនឲ្យបាត់សូម្បីមួយកាក់មួយសេន៕