លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប អញ្ជើញចូលរួមពិធីខួបកំណើត អ្នកឧកញ៉ា គិត ម៉េង

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ​​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ​​បាន​រៀបចំ​ធ្វើ​ពិធី​ខួបកំណើត​នៅក្នុងភូមិគ្រឹះ​ផ្ទាល់​ខ្លួន​ នៅ​រាជធានីភ្នំពេញ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​​ ថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និង​សាច់ញាតិ​ជិត​ស្និទ្ធ​ជា​ច្រើន​រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធី​ខួប​កំណើត​​របស់​អ្នកជំនួញ​ឆ្នើម​​​មួយ​រូប​នៅ​កម្ពុជា ដែល​អម​ដោយ​ឧត្តមភរិយា​ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ​កូនប្រុសស្រី រួមទាំង​ឧកញ៉ា គិត ស៊ូឡា គេ​​​ឃើញ​មាន​វត្តមាន​ភ្ញៀវកិត្តិយស​ដូចជា​​ ​លោក​អ្នកឧកញ៉ា លាង ឃុន អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា ថៃ ជាហួត អ្នកឧកញ៉ា សៀ ឬទ្ធី អ្នកឧកញ៉ា ផែ ហុកឈួន អ្នកឧកញ៉ា សុខ ឆេង អ្នកឧកញ៉ា ប៊ុន ហៃ អ្នកឧកញ៉ា ជាម ឃុនណាត លោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង លោកជំទាវឧកញ៉ា ស៊ាង លីម ឧកញ៉ា តាន់ មុនីវណ្ណ ឧកញ៉ា នួន ពេជ្រសុផល ព្រមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអ្នកមុខអ្នកការ​​មួយ​ចំនួន​ទៀត​ផងដែរ។

ក្នុងឱកាស​ដ៏​រីករាយ​នោះ​ដែរ អ្នកឧកញ៉ា គិត ម៉េង ​បាន​ថ្លែង​អំណរគុណ​ដល់​ភរិយា និង​កូនៗ​ជា​ទីស្រឡាញ់​ដែល​តែងតែ​គាំទ្រ​ដល់​លោក​គ្រប់​កាលៈទេសៈ និង​ភ្ញៀវ​កិត្តិយស​ញាតិមិត្ត​ជិត​ឆ្ងាយ ទោះបី​មិនមែន​បងប្អូន​បង្កើត​ជាមួយ​គ្នា ប៉ុន្តែ​ឧស្សាហ៍​ជួប​គ្នា​គឺ​ដូចជា​​បងប្អូន​ឈាម​ជាមួយគ្នា។

អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្មកម្ពុជា បាន​បន្ថែម​ថា អ្វីដែល​សំខាន់​យើង​ត្រូវ​រួមគ្នា​កសាង​ប្រទេស​ជាតិ បន្ទាប់ពី​សម្តេចតេជោ ហ៊ុន សែន បាន​កសាង​ប្រទេស​តាំងពី​បាតដៃ​ទទេ មកដល់​សម័យ​សម្បូរសប្បាយ ឈ្នះៗរួមគ្នា​ក្រោម​ម្លប់​សន្តិភាព ហើយ​នឹង​បន្ត​ដឹកនាំ​ដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យ​កាន់​តែ​រីកចម្រើន​​ថែមទៀត៕

រូបភាព៖ The Ring