តបតាមការអញ្ជើញជាលក្ខណៈផ្លូវការដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ត្រៀមជួបជុំក្បួនរថយន្តលំដាប់ពិភពលោក Gumball 3000 ។ អ្នក ប្រណាំងឡានអាជីពអ្នកនាង Leona Chin ជាបុគ្គលម្នាក់ដែលមានប្រជាប្រិយភាពក្នុងវិស័យយានយន្តក្នុងប្រទេសម៉ាឡេសុី បានមកដល់ប្រទេសកម្ពុជាយើង ហើយថែមទាំងបានបញ្ចេញសមត្ថភាពទេពកោសល្យ Drift រថយន្តហុយផ្សែងជុកនៅបរិវេណអាកាសយានដ្ឋានខេត្តសៀមរាបចាស់ដោយទទួលបានការគាំទ្រជាច្រើនពីទស្សនិកជននិងបានចែកចាយវីដេអូពេញបណ្ដាញសង្គមរួមមាន Instagram, TIkTOk និង YouTube កាលពីថ្ងៃអាទិត្យទី ១ ខែកញ្ញា ឆ្នាំ ២០២៤ នេះ។
តំណាងក្រុមការងាររៀបចំកម្មវិធីអន្តរជាតិ GUMBALL 3000 Rally ដែលរៀបចំឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំនេះ បានបង្ហើបឲ្យដឹងថាអ្នកនាង Leona Chin បានស្ម័គ្រចិត្តចូលរួមដោយមិនយកប្រាក់កម្រៃទាំងក្នុងកម្មវិធីនៅថ្ងៃទី ១ ខែកញ្ញាដែលរៀបចំនៅខេត្តសៀមរាប នៅក្នុងកម្មវិធីការបើកសាកល្បង Drag race ដើម្បីអបអរសាទរមហាព្រឹត្តិការណ៍ Gumball 3000 និងកម្មវិធីថ្ងៃទី១៥ ខែកញ្ញានៅរាជធានីភ្នំពេញ។
អត្ដពលិកដែលមានសម្រស់ស្រស់សោភារូបនេះ មានឈ្មោះបោះសំឡេងល្បីរន្ទឺនៅក្នុងវិស័យយានយន្ត តាមរយៈសមត្ថភាពផ្ទាល់ខ្លួនរបស់នាង។ កីឡាការិនីចេះនិយាយបីភាសារូបនេះ ជាសមាជិកមួយរូបក្នុងក្រុមប្រណាំងរថយន្តម៉ាឡេសុីឈ្មោះថា «CASTROL RACING TEAM» ដែលបានចូលរួមក្នុងកម្មវិធីប្រណាំងថ្នាក់ជាតិ The Malaysia Championship Series (MCS) ឆ្នាំ ២០២៤ ។
អ្នកនាង Leona Chin ចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ ២០០៦ ជាអ្នកស្រលាញ់រថយន្តប្រណាំងដូចបុរសដែរ។ នាងមានទេពកោសល្យ Drift ឡានយ៉ាងរលូនដោយគ្មានគ្រោះថ្នាក់អ្វីឡើយ ដោយធ្លាប់ជាអ្នកបើកបរឈុតគ្រោះថ្នាក់ក្នុងខ្សែភាពយន្តហូលីវូដជាអ្នកប្រណាំងឡាន និងធ្លាប់ចូលរួមការប្រកួតធំៗជាងមួយរយដងជុំវិញពិភពលោក និងបានឈ្នះពានរង្វាន់ជាច្រើន ហើយថែមទាំងបានក្លាយជាទូតសុច្ឆន្ទៈរបស់ ក្រុមហ៊ុនរថយន្តអន្តរជាតិផងដែរ។
ក្រៅពី Leona Chin កំពូលតារាយូធូប IShowSpeed និងសេដ្ឋី Skateboard មានបំផុតលើពិភពលោក Tony Hawk និងតារាអន្តរជាតិជាច្រើនរូបទៀត ក៏ត្រូវបានបង្ហើបថានឹងចូលរួមព្រឹត្តិការណ៍ Gumball 3000 នៅកម្ពុជាដូចគ្នា។
សូមបញ្ជាក់ថាក្នុងព្រឹត្តិការណ៍ GUMBALL 3000 Rally ដែលរៀបចំនៅថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៤នេះ នឹងមានរថយន្តទំនើបៗដូចជា Supercar Hypercar ក៏ដូចជា Sportcar ប្រមាណ ១៣០ ទៅ ១៥០ គ្រឿងមកពីបណ្ដាប្រទេសជាង ៤០ ចម្រុះដោយ ៤០ ជាតិសាសន៍ផ្សេងៗគ្នានឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។