ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញព្រះរាជក្រឹត្យ ផ្តល់គោរមងារជូន ឧកញ៉ាមហាមន្ត្រី គុយ សុផល ជា «សម្តេច មហាមន្ត្រី គុយ សុផល»។
ការត្រាស់បង្គាប់តែងតាំងនេះ ធ្វើឡើងតាមសេចក្ដីក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ការសម្រេចផ្ដល់ងារជា «សម្តេច មហាមន្ត្រី គុយ សុផល» នេះធ្វើឡើងបន្ទាប់ពីព្រះមហាក្សត្រនៃកម្ពុជា ទ្រង់យល់ ឯកឧត្តម ឧកញ៉ា មហាមន្ត្រី គុយ សុផល ថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង ប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំងកាយ-ចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញ បានខិតខំ ភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនក្រសួងព្រះបរមរាជវាំង នៅគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងខ្ជាប់ខ្ជួនបានល្អប្រពៃ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួល បានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ៕