BYD ប្រកាសទិញយកក្រុមហ៊ុនចែកចាយរថយន្តកំពូលមួយ នៅក្នុងប្រទេសអាល្លឺម៉ង់

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់ចិន BYD បានប្រកាសថានឹងទិញយកក្រុមហ៊ុនចែកចាយរថយន្តដ៏ធំបំផុតមួយរបស់អាល្លឺម៉ង់ Hedin Electric Mobility ខណៈពេលដែលខ្លួនចង់បង្កើន​មហិច្ឆតា​លក់បន្ថែមទៀត នៅក្នុងទីផ្សារអឺរ៉ុប។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Hedin Mobility Group ដែលជាក្រុមហ៊ុនមេរបស់ Hedin Electric បញ្ជាក់ថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BYD Automotive GmbH ដើម្បីផ្ទេរអាជីវកម្មចែកចាយរថយន្ត BYD និងគ្រឿងបន្លាស់រថយន្ត សម្រាប់ទីផ្សារអាល្លឺម៉ង់ទាំងអស់ ទៅឲ្យក្រុមហ៊ុនរបស់ចិនជាអ្នកគ្រប់គ្រងវិញ។

លោក Anders Hedin នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Hedin Mobility បាននិយាយថា ៖”ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ យើងបានធ្វើការជាមួយ BYD ដើម្បីអភិវឌ្ឍនៅក្នុងទីផ្សារអាល្លឺម៉ង់។ ឥឡូវនេះ មូលដ្ឋានគ្រឹះគឺដើម្បីបង្កើនបរិមាណលក់ ហើយយើងទន្ទឹងរង់ចាំបន្តដំណើរថ្មីនេះ ជាមួយ BYD ក្នុងនាមជាអ្នកចែកចាយ នៅក្នុងប្រទេសអាឡឺម៉ង់”។

គួរឲ្យដឹងថាក្រុមហ៊ុន Hedin Electric បានបម្រើការជាអ្នកនាំចូលរថយន្តផ្តាច់មុខរបស់ BYD នៅក្នុងប្រទេសអាឡឺម៉ង់ ចាប់តាំងពីឆ្នាំ២០២២​ មក ហើយបានផ្គត់ផ្គង់រថយន្ត និងគ្រឿងបន្លាស់ដល់ក្រុមហ៊ុនចែកចាយ BYD ផ្សេងៗទៀតប្រហែល ៣០ នៅក្នុងប្រទេស។

ជម្រាបជូនថា តាមរយៈការទទួលបានអាជីវកម្មថ្មីនេះ BYD នឹងអាចលក់រថយន្តរបស់ខ្លួនដោយផ្ទាល់ទៅឲ្យអ្នកតំណាងចែកចាយ និងកាន់តែមានភាពងាយស្រួលក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងទីផ្សារប្រទេសអាល្លឺម៉ង់៕