ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទានព្រះរាជក្រឹត្យ តែងតាំងសម្ដេចមហាមន្រ្ដី គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៤/១០៧៣ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
ការសម្រេចតែងតាំង សម្ដេចមហាមន្រ្ដី គុយ សុផល ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង តាមការក្រាបបង្គំទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
សូមជម្រាបជូនថា នាពេលកន្លងមក សម្ដេចមហាមន្ត្រី គុយ សុផល បានប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំងកាយ-ចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញ បានខិតខំ ភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងជូនក្រសួងព្រះបរមរាជវាំង នៅគ្រប់ពេលវេលា គ្រប់ទីកន្លែងយ៉ាងខ្ជាប់ខ្ជួនបានល្អប្រពៃ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួល បានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ៕