ឧកញ៉ា លី ឆេង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌដង្កោ ត្រូវបានផ្ទេរមកជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា ជំនួសលោក នួន ផារ័ត្ន ដែលផ្លាស់ប្តូរភារកិច្ចថ្មី ទៅជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។
ពិធីប្រកាសប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។
ក្នុងពិធីប្រកាសប្រធានថ្មីនេះដែរ លោក ឃួង ស្រេង បានណែនាំសមាជិក សមាជិកា និងឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានជ្រួតជ្រាបពីសមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់ប្រជាពលរដ្ឋឱ្យបានយល់ច្បាស់លាស់ ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា ឧកញ៉ាបណ្ឌិត លី ឆេង គឺជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធី គ្រុប ហើយបច្ចុប្បន្នលោកមានតួនាទីជា អនុប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា នីតិកាលទី៧ ផងដែរ៕