សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញមោទនភាពក្រៃលែង ដែលមូលនិធិកសាងផ្លូវក្រវាត់ព្រំដែនបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរពីគ្រប់មជ្ឈដ្ឋាន។
យោងតាមការបង្ហោះលើផេកផ្លូវការ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖« កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស»។
ទន្ទឹមគ្នានេះ សម្តេចធិបតីថា ពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយស្នាមញញឹមសប្បាយរីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ។
សម្តេចធិបតី បានបញ្ជាក់ទៀតថា ក្នុងនាមរាជរដ្ឋាភិបាល សូមអរគុណយ៉ាងជ្រាលជ្រៅប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។
សូមរម្លឹកដែរថា«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សាបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែន។
យ៉ាងណាមិញ បើគិតត្រឹមម៉ោង ៨យប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន មានសប្បុរសជនចូលរួមប្រមាណជាង១៨ម៉ឺននាក់ ដោយទទួលបានថវិកាជិត១១លានដុល្លារ។នេះបើយោងតាមការចុះផ្សាយដោយក្រសួងព័ត៌មាន នាថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៤។
ទោះជាបច្ចុប្បន្ន មិនទាន់មានការបញ្ជាក់បន្ថែមពីចំនួនថវិកាមូលនិធិនេះបន្តទៀតក្តី ក៏សម្តេចធិបតី បានបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួមឱ្យបានកាន់តែច្រើនបន្ថែមទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយផងដែរ៕ អត្ថបទ៖ រង្សី