យោងតាមការិយាល័យរតនាគាររបស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ ទី៣ ខែកញ្ញានេះថាបំណុលសរុបរបស់ប្រទេសខ្លួន បានកើនឡើងដល់ជាង ១៥ទ្រីលានប៉េសូ (ប្រហែលជាង ២៧៦ពាន់លានដុល្លារ) គិតត្រឹមចុងខែកក្កដា ពោលគឺកើនឡើងខ្ពស់ជាង ១,៣% ធៀបទៅនឹងចុងខែមិថុនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។
បើតាមការិយាល័យដដែលនេះ បានសន្មតថា ការកើនឡើងនៃកម្រិតបំណុលសរុបរបស់រដ្ឋាភិបាលហ្វីលីពីននេះ គឺដោយសារតែការចេញបំណុលទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាផលប៉ះពាល់ដោយសារតែការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុកធៀបទៅនឹងប្រាក់ដុល្លារ ផងដែរ។
គួរឲ្យដឹងផងដែរថា ក្នុងចំណោមភាគហ៊ុនបំណុលសរុបទាំងនោះ មាន ៣១,៤% គឺជាប្រភពកម្ចីពីខាងក្រៅ ខណៈ ៦៨,៥% គឺជាប្រភពប្រាក់កម្ចីក្នុងស្រុក។
ទន្ទឹមនឹងនេះ បើតាមរដ្ឋាភិបាលហ្វីលីពីន បានបង្ហាញឲ្យដឹងទៀតថា ចាប់តាំងពីដើមឆ្នាំ២០២៤នេះមក ប្រភពប្រាក់កម្ចីខាងក្រៅស្រុករបស់ខ្លួន បានបន្តកើនឡើងដល់ ៧,៤%។