យោងតាមសមាគមម្រេច និងគ្រឿងទេសវៀតណាម (VPSA) បានឲ្យដឹងថា ប្រទេសរបស់ខ្លួន អាចដឹកជញ្ជូនម្រេចក្នុងតម្លៃជាង ១ពាន់លានដុល្លារ ទៅកាន់បរទេស នៅក្នុងឆ្នាំ២០២៤ នេះ ដោយផ្នែកលើតម្រូវការសកលខ្ពស់ និងការផ្គត់ផ្គង់មានកម្រិត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
សមាគមដដែលនេះ បាននិយាយទៀតថា ឧស្សាហកម្មម្រេចនៅក្នុងប្រទេស កំពុងឈានទៅរកគោលដៅរកបានប្រាក់ចំណូលខ្ទង់ពាន់លានដុល្លារវិញហើយ បន្ទាប់ពីការនាំចេញគិតនៅក្នុងរយ:ពេល ៧ខែដំបូងឆ្នាំនេះ អាចរកបានប្រាក់ចំណូលដល់ទៅជាង ៧៦៤លានដុល្លារ រួចទៅហើយ។
ក្នុងរយៈពេលប្រាំពីរខែកន្លងមកនេះ ម្រេចជាង ១៦៤ ៣០០ តោន ត្រូវបានលក់ទៅកាន់ទីផ្សារបរទេសក្នុងតម្លៃនាំចេញជាមធ្យម ៤ ៥៦៨ដុល្លារក្នុងមួយតោន សម្រាប់ម្រេចខ្មៅ កើនឡើង ៣២,៧% និង ៦ ១៩៥ដុល្លារក្នុងមួយតោន សម្រាប់ម្រេចស កើនឡើង ២៥%។
គួរឲ្យដឹងថា សហរដ្ឋអាមេរិកជាអ្នកទិញម្រេចច្រើនបំផុតពីប្រទេសវៀតណាម និងតាមពីក្រោយដោយប្រទេសអាឡឺម៉ង់ អារ៉ាប់រួម (UAE) និងប្រទេសឥណ្ឌា។
ជម្រាបជូនថា ប្រេស៊ីល ដែលជាប្រទេសផលិត និងនាំចេញម្រេចខ្មៅធំជាងគេទីពីររបស់ពិភពលោក បានទទួលរងការបរាជ័យលើផ្នែកដាំដុះរបស់ខ្លួន ដែលជំរុញឲ្យតម្លៃម្រេចសកលលោកកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានខែដែលនៅសេសសល់នៃឆ្នាំ២០២៤ នេះ។ ផលិតកម្មម្រេចនៅក្នុងប្រទេសវៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក៏ត្រូវបានព្យាករថានឹងធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដោយសារតែផលប៉ះពាល់នៃបាតុភូតរាំងស្ងួត El Nino៕