ឧកញ៉ា លាង ពៅ (ភីធើរ) បន្តប្រជុំពីវឌ្ឍនភាពការងារត្រៀមបន្តរៀបចំមហាព្រឹត្តិការណ៍អន្តរជាតិ Gumball 3000 Rally in Cambodia នៅភ្នំពេញ និងសៀមរាប

កម្សាន្ត

បន្ទាប់ពីបញ្ចប់បេសកម្មក្នុងព្រឹត្តិការណ៍បើកបរសាកល្បង Drag Race កាលពីចុងសប្ដាហ៍មុន នៅអាកាសយានដ្ឋានអន្តរជាតិចាស់ខេត្តសៀមរាប នៅខេត្តសៀមរាប លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និង ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមទាំងមន្ត្រីស្ថាប័នពាក់ព័ន្ធ កំពុងតែមមាញឹកលើរបៀបវីរៈ និងផែនការត្រូវរៀបចំសំខាន់ៗ ដូចជាកិច្ចការលើកកម្ពស់វិស័យទេសចរណ៍ និងមុខមាត់ប្រទេសជាតិ ដើម្បីធានាថា ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលចូលរួម ទទួលបាននូវបទពិសោធន៍ដ៏មិនអាចបំភ្លេចបាន ជាពិសេសស្នាមញញឹមនៅលើទឹកដីប្រទេសកម្ពុជា ក្នុងនាមម្ចាស់ផ្ទះរៀបចំមហាព្រឹត្តិការណ៍លំដាប់ពិភពលោក Gumball 3000 ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពត្រៀមសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ Gumball 3000 Rally in Cambodia នេះរៀបចំឡើង នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីព្រឹកថ្ងៃអង្គារទី ០៣ ខែកញ្ញាឆ្នាំ ២០២៤ ។ ក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូ បានប្រជុំពិភាក្សា យ៉ាងផុសផុលស្ដីពីការត្រៀមរៀបចំព្រឹត្តការណ៍អន្តរជាតិ Gumball 3000 Rally in Cambodia នៅរាជធានីភ្នំពេញ និងការត្រៀមខ្លួនទុកជាមុនរួចជាស្រេច ទៅលើសណ្ដាប់ធ្នាប់និងសុវត្ថិភាពអ្នកចូលរួមដែលមានទាំងភ្ញៀវជាតិនិងបរទេសរាប់ពាន់នាក់ អាចនឹងមានចម្រុះដោយ ៤០ ជាតិសាសន៍ផ្សេងៗគ្នា ដែលនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។

ព្រឹត្តិការណ៍​ GUMBALL3000 នៅកម្ពុជា​ បាននឹងកំពុងក្លាយជាចលនាមហាជនចូលរួមតាមគ្រប់មធ្យោបាយ និងធនធាន យ៉ាងច្រើនកុះករ ដើម្បីឈានទៅសម្រេចគោលដៅសំខាន់ៗ រួមមាន៖ ការបរិច្ចាគទៅមន្ទីរពេទ្យកុមារអង្គរសៀមរាប ការចូលរួមបំបែកកំណត់ត្រាពិភពលោក GUINNESS WORLD RECORD នៅមុខប្រាសាទអង្គរត្ត ជាពិសេសការបង្កើតបរិយាកាសបដិសណ្ឋារកិច្ចភ្ញៀវអន្តរជាតិ ដែលសុទ្ធសឹងជាធុរជន ជនមានឥទ្ធិពល តារាល្បីៗលំដាប់ពិភពលោក ធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ចូលរួមព្រឹត្តិការណ៍នេះ ឈានឆ្ពោះទៅជួយផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា។

សម្រាប់កម្មវិធីផ្លូវការនៃព្រឹត្តិការណ៍ GUMBALL3000 នៅកម្ពុជា នឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំសម្របសម្រួលដោយ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធនានា។

គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍ដ៏ធំ GUMBALL3000 និងកម្រ ដែលត្រៀមនឹងកើតឡើងផ្លូវការនៅពាក់កណ្ដាល ខែកញ្ញា នៅកម្ពុជានេះ អនុញ្ញាតឱ្យសាធារណជន ចូលរួមទស្សនាកម្សាន្តសេរី ហើយចំពោះថវិកាដែលបានមកពីព្រឹត្តិការណ៍នេះនឹងបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរទាំងអស់៕