អ្នកឧកញ៉ា លឹម ហេង ជំរុញលើកទឹកចិត្តអ្នកវិនិយោគចិន ឱ្យមក​វិនិយោគបន្ថែមទៀតនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជ​កម្ម​កម្ពុជា កាលព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្មកម្ពុជាមួយចំនួន ទទួល​ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ជូ មីញហាវ (Zhou Minhao) ប្រធានក្រុមប្រឹក្សា​ជំរុញពាណិជ្ជកម្មអន្តរជាតិចិនសៀងហៃ ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅ​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា លឹម ហេង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូចិនសៀងហៃ ដែលបានបំពេញទស្សនកិច្ច​នៅកម្ពុជា និងបានគូសបញ្ជាក់ថា សៀងហៃ គឺជាទីក្រុងសេដ្ឋកិច្ចដ៏ចម្បងមួយរបស់ចិន លើវិស័យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង កម្មន្តសាល។ អ្នកឧកញ៉ា បានលើកឡើងអំពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងប្រទេសចិននិងកម្ពុជា ដែលលើកកម្ពស់ដល់កម្រិត ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០១០។ ទន្ទឹមនឹងនេះដែរ រាដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពជំរុញ ក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ លើវិស័យអាទិភាព​ចំនួន ៦ រួមមាន៖ កិច្ចសហប្រតិបត្តិការនយោបាយ គុណភាពនិងសមត្ថភាពផលិតកម្ម វិស័យកសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ក្នុងជំនួបនេះដែរ អ្នកឧកញ៉ា លឹម ហេង បានជំរុញលើកទឹកចិត្តវិនិយោគិនចិនឱ្យវិនិយោគបន្ថែមទៀតនៅកម្ពុជា ដែលពោរពេញទៅដោយកាលានុវត្តភាព និងមានកំណើនសេដ្ឋកិច្ចខ្ពស់។ វិនិយោគិនបរទេស អាចបណ្តាក់ទុន​វិនិយោគ ១០០% និងទទួលបានការលើកទឹកចិត្តកម្រិតខ្ពស់ ព្រមទាំងមានទីផ្សារទូលំទូលាយ​នៅទូទាំង​ពិភពលោក។

លោក ជូ មីញហាវ (Zhou Minhao) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា លឹម ហេង ដែលបានទទួលជួបពិភាក្សាកាងារជាមួយលោក ក៏ដូចជាគណៈប្រតិភូសៀងហៃ។ លោកប្រធាន មានប្រសាសន៍លើកឡើង អំពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជាចិន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលក្នុងនោះការវិនិយោគផ្ទាល់និងទំហំពាណិជ្ជកម្មទ្វេភាគី បន្តកើនឡើងជាលំដាប់។

ក្នុងន័យនេះ លោកប្រធាន បង្ហាញនូវចំណាប់អារម្មណ៍ចំពោះផលិតផលកសិកម្មកម្ពុជា និងលើកទឹកចិត្តការនាំ​ចេញ​ទៅកាន់ទីផ្សារសៀងហៃ តាមរយៈយន្តការដែលមានស្រាប់ និងតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធ​អេឡិចត្រូនិក (e-commerce)។ លោកប្រធាន អញ្ជើញគណៈប្រតិភូសភាពាណិជ្ជកម្ពុជា ចូលរួមពិព័រណ៍​ពាណិជ្ជកម្មនាំចេញនាំចូលចិនលើកទី៧ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងសៀងហៃប្រទេសចិន នាខែវិច្ឆិកា​ខាងមុខ។ លោកប្រធាន បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនសៀងហៃមួយចំនួន ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ទទួលបាន​ជោគជ័យ​យ៉ាង​ខ្លាំង ដែលនេះជាឧទាហរណ៍ដ៏ល្អមួយ សម្រាប់កិច្ចសហប្រតិបត្តិការសៀងហៃ និង​កម្ពុជា។

គួរបញ្ជាក់ថា ចិននិងកម្ពុជា មានក្របខណ្ឌកិច្ចសហប្រតិបត្តិការជាច្រើនដូចជា៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ចិនកម្ពុជា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ កិច្ចសហប្រតិបត្តិការឡាងឆាងមេគង្គ កិច្ចព្រមព្រៀងសេរីចិនអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ជាដើម៕