លោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានឱ្យដឹងថា ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជាជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ផងដែរ។លោកថ្លែងបែបនេះ នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។
នាឱកាសនោះ លោកឆឺតគៀត អាត់ថាកន បានលើកឡើងថា ក្នុងរយៈពេលជិត២ឆ្នាំនៃអាណត្តិការទូតរបស់លោក បានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នានិងជំនឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
លោក ក៏បានសម្តែងនូវក្តីរីករាយ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់។ លោកសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនជាងនេះទៅទៀត។ បន្ថែមពីនេះ លោកថា ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦នៅក្នុងប្រទេសកម្ពុជាជាដៃគូផ្នែកពាណិជ្ជកម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀមរាប។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណចំពោះ អ្វីដែលឯកឧត្តមឯកអគ្គរាជទូតបានលើកឡើង ជុំវិញទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ខណៈសម្ដេចក៏បានអរគុណដល់ប្រទេសថៃដែលក្លាយជាដៃគូដ៏សំខាន់ក្នុងការវិនិយោគក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ពិតជារីករាយដោយដឹងថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង ហើយកសិករកម្ពុជានៅជាប់តាមបណ្ដាព្រំដែន មានឱកាសលក់កសិផលទៅឱ្យប្រទេសថៃផងដែរ។
សម្ដេច បានបន្តថា ក្រៅពីវិស័យសេដ្ឋកិច្ច ប្រទេសយើងទាំងពីរត្រូវរួមគ្នារួមចំណែកក្នុងការថែរក្សាវប្បធម៌ ហើយយើងក៏មានវេទិកាជាច្រើនទៀតដូចជា ACMECS, Mekong, អាស៊ាន និង RCEP ជាដើម ដែលយើងត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរបន្ថែមទៀត។
គួរបបញ្ជាក់ដែរថា ក្នុងរយៈពេល១ឆ្នាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៩១គម្រោងនេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនវិនិយោគបានរហូតដល់ ៥២ភាគរយ។
ក្នុងរយៈពេលពេញមួយឆ្នាំនេះដែរ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅ លំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៦០.៤៤% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២.៣១% នៃទុន វិនិយោគសរុប។ដោយឡែក ប្រទេសថៃឈរនៅលំដាប់ទី៦ ដោយប្រភពទុនវិនិយោគ ចំនួន ០,៤ %៕ អត្ថបទ៖ រង្សី