ក្រុមហ៊ុនដឹកជញ្ជូនស្បៀងអាហារគ្រប់គ្រងដោយរដ្ឋឥណ្ឌូណេស៊ី Bulog កំពុងធ្វើការសិក្សាយ៉ាងស៊ីជម្រៅទៅលើផែនការក្នុងការទិញចូលអង្ករបន្ថែមទៀត ពីអ្នកផលិតស្រូវអង្ករស្រូវនៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការនៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក បានបង្ហាញឲ្យដឹងទៀតថា នាយកប្រតិបត្តិក្រុមហ៊ុន Bulog លោក Bayu Krisnamurthi បានបញ្ជូនក្រុមបច្ចេកទេស ទៅធ្វើការសិក្សាយ៉ាងយកចិត្តទុកដាក់ និងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធនានានៅក្នុងប្រទេសកម្ពុជា។ ដោយភាគីពាក់ព័ន្ធទាំងនោះរួមមានអ្នកធុរកិច្ចកម្ពុជា និងប្រទេសជិតខាងដែលបានបង្កើតកិច្ចសហប្រតិបត្តិការអាជីវកម្មជាមួយកម្ពុជា ផងដែរ។
ទន្ទឹមនឹងនេះ លោក Krisnamurthi បានបញ្ជាក់បន្ថែមទៀតថា មានកត្តាចាំបាច់មួយចំនួនដែលក្រុមហ៊ុន Bulog របស់លោកនឹងត្រូវពិចារណាមុនពេលធ្វើការសម្រេចចិត្តចុងក្រោយ ដើម្បីឈានទៅដល់ការចុះកិច្ចព្រមព្រៀងទិញ ជាមួយក្រុមហ៊ុនស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា។
នាយកប្រតិបត្តិរូបនេះ បានសង្កត់ធ្ងន់ថា បញ្ហាទីមួយដែលត្រូវពិចារណា គឺសមត្ថភាពផលិតអង្កររបស់កម្ពុជានៅតែមានកម្រិតតិចតួចនៅឡើយ បើធៀបនឹងប្រទេសផលិតអង្ករផ្សេងទៀតដូចជាប្រទេសថៃ និងវៀតណាម។ ហើយចំពោះបញ្ហាទីពីរ គឺហេដ្ឋារចនាសម្ព័ន្ធមានកម្រិតដើម្បីគាំទ្រដល់ដំណើរការផលិតស្រូវ។
ជម្រាបជូនផងដែរថា កន្លងមកប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានបញ្ជាឲ្យក្រុមហ៊ុន Bulog ទិញចូលអង្ករពីអ្នកផលិតជាច្រើន នៅក្នុងប្រទេសកម្ពុជា ដោយបញ្ជាក់ថាផែនការនេះ អាចនឹងជួយគាំទ្រដល់សន្តិសុខស្បៀងអាហារជាតិ និងធានាឲ្យមានស្តុកអង្ករគ្រប់គ្រាន់៕