យោងតាមអាជ្ញាធរអភិវឌ្ឍការវិនិយោគម៉ាឡេស៊ី (MIDA) បាននិយាយកាលពីថ្ងៃពុធ ទី៤ ខែកញ្ញាថា ប្រទេសម៉ាឡេស៊ីបានអនុម័តការវិនិយោគសរុបចំនួន ១៦០ពាន់លានរីងហ្គីត (៣៦,៨ពាន់លានដុល្លារ) នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះ ពោលគឺបានកើនឡើង ១៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។
MIDA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមតួលេខសរុបនោះ ការវិនិយោគក្នុងស្រុកមានចំនួនជាង ៨៥ពាន់លានរីងហ្គីត ខណៈការវិនិយោគពីបរទេសមានតម្លៃជាង ៧៤ពាន់លានរីងហ្គីត។
វិស័យសេវាកម្ម និងផលិតកម្ម បានទាក់ទាញការវិនិយោគការវិនិយោគច្រើនជាងគេ ស្របពេលផ្នែកសេវាកម្មអចលនទ្រព្យ ផ្នែកព័ត៌មាន និងទំនាក់ទំនង រួមជាមួយនឹងការផលិតថាមពលអគ្គិសនី និងគ្រឿងអេឡិចត្រូនិច ក៏ស្រូបទាញការវិនិយោគច្រើនគួរឲ្យកត់សម្គាល់ផងដែរ។
ទន្ទឹមនឹងនេះ MIDA បានបន្ថែមឲ្យដឹងទៀតថា ប្រទេសអូទ្រីសគឺជាប្រភពកំពូលនៃការវិនិយោគបរទេសច្រើនជាងគេ ក្នុងអំឡុងខែមករា ដល់ខែមិថុនា ដោយមានចំនួនវិនិយោគសរុបជាង ៣០ពាន់លានរីងហ្គីត បន្ទាប់មកគឺប្រទេសសិង្ហបុរី មានចំនួន ១៦,៥ពាន់លានរីងហ្គីត ខណ:ប្រទេសចិនមានចំនួន ៩,៨ពាន់លានរីងហ្គីត និងប្រទេសហូឡង់មានចំនួន ៤ពាន់លានរីងហ្គីត៕