កម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។នេះបើតាមក្រសួងទេសចរណ៍នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងទេសចរណ៍បានឱ្យដឹងថា កម្ពុជាត្រូវបានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក ខណៈនេះជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។
សូមជម្រាបជូនថា ២ឆ្នាំជាប់គ្នា ២០២២ និងឆ្នាំ ២០២៣ កម្ពុជាបានទទួលពានរង្វាន់ជាគោលដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅអាស៊ី។ ក្នុងឆ្នាំ ២០២១ រង្វាន់នេះបានទៅប្រទេសថៃ ហើយវៀតណាមក៏ធ្លាប់ទទួលបាន ២ឆ្នាំជាប់គ្នា គឺឆ្នាំ ២០២០ និងឆ្នាំ ២០១៩។
សូមជម្រាបជូនបន្ថែមថា ប្រទេសដែលទទួលបានដំណែងជាទិសដៅទេសចរណ៍វប្បធម៌ឈានមុខគេនៅតំបន់អាស៊ីក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះមានដូចជា ប្រទេសកម្ពុជា,ប្រទេសថៃ និងប្រទេសវៀតណាម។
គួរបញ្ជាក់ផងដែរថា ៧ខែ ឆ្នាំ២០២៤នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣,៧៤លាននាក់ កើនឡើង ២៣,២% ធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣។ក្នុងនោះ ទេសចអន្តរជាតិទៅទស្សនារមណីយដ្ឋានអង្គរ ប្រមាណជាង ៥៨ម៉ឺននាក់ កើនឡើង ៣៣% និងរកចំណូលបានប្រមាណជាង ២៧លានដុល្លារ កើនឡើង ៣៣,៧% ធៀបនឹងឆ្នាំមុន៕