រដ្ឋមន្រ្តីកសិកម្ម ជំរុញអ្នកវិនិយោគចិនពិចារណាការកែច្នៃកសិផលនៅកម្ពុជា ខណៈកម្ពុជាបើកចំហរលើវិស័យនេះ

សង្គម​ និង​សេដ្ឋកិច្ច

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញដល់អ្នកវិនិយោគចិនឱ្យពិចារណាវិនិយោគការកែច្នៃកសិផលកម្ពុជា ស្របពេលកម្ពុជាស្វាគមន៍ និងបើកចំហរលើវិស័យនេះផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមរយៈជំនួបសម្តែងការគួរសមរវាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក វ៉ាង វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសចិនប្រចាំកម្ពុជា កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោក ឌិត ទីណា បានស្វាគមន៍ចំពោះវត្តមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការមកបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» ដោយផ្តោតសំខាន់លើវិស័យចំនួន៦ ក្នុងនោះក៏មានវិស័យកសិកម្មតាមរយៈច្រកមច្ឆានិងអង្ករ (Rice and Fish Corridor) សម្រាប់ការអភិវឌ្ឍកសិកម្មរវាងប្រទេសទាំងពីរឱ្យទទួលបាននូវប្រសិទ្ធភាព និងមានលទ្ធផលផ្លែផ្កា។

លោក ក៏បានលើកឡើងថា កម្ពុជាបើកចំហរ និងស្វាគមន៍អ្នកវិនិយោគមកលើការកែច្នៃកសិផលកម្ពុជាដូចជា ស្រូវអង្ករ ស្វាយ ស្វាយចន្ទី សំបុកត្រចៀកកាំ ដែលមានគុណភាពល្អប្រណិត មានរសជាតិឆ្ងាញ់។ក្នុងន័យនេះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា អ្នកវិនិយោគចិនអាចពិចារណាវិនិយោគនៅកម្ពុជាផងដែរ តាមរយៈការវិនិយោគនៅកម្ពុជាដោយផ្ទាល់ អ្នកវិនិយោគនឹងទទួលបានផលចំណេញទាំងនៅលើទីផ្សារចិននិងទីផ្សារអន្តរជាតិ និងអាចជួយលើកកម្ពស់ជីវភាពរបស់កសិករកម្ពុជាថែមទៀត។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆមាស១ឆ្នាំ២០២៤មកនេះ ការនាំចេញកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៦លានតោន មានការកើនឡើងជាង៥៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដោយរកចំណូលបានជាង២,៨ពាន់លានដុល្លារ។ កសិផលរបស់កម្ពុជា ភាគច្រើននាំចេញទៅលក់នៅទីផ្សារវៀតណាម ថៃ ចិន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុបជាដើម៕