រយៈពេល៨ខែ ឆ្នាំ២០២៤ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចិញ្ចឹមពូជអណ្តើកបាន ៩ប្រភេទ សរុបបានចំនួន ៦៩ក្បាល

ជុំវិញ​ឧកញ៉ា

ដោយមានចិត្ត​ចង់​អភិរក្ស​ពូជសត្វ​អណ្ដើក​ គិតចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ មក​ដល់​បច្ចុប្បន្ន​ អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​​បាន​ចិញ្ចឹម​ថែទាំ​ពូជ​អណ្តើក​បាន ៩ប្រភេទ សរុបចំនួន ៦៩ក្បាល និង​មាន​អណ្តើក​ខ្លះ​ទម្ងន់​ដល់​ទៅ ៧០គីឡូក្រាម នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ ស្ថិតនៅស្រុកសំរោងទង ​ខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា​​សមាជិកព្រឹទ្ធសភា​រូបនេះ ​​បាន​លើកឡើង​លើ​ទំព័រហ្វេសប៊ុក នា​រសៀល​ថ្ងៃទី៥ ខែកញ្ញា​ បែបនេះថា៖ “ដោយសារតែ​ខ្ញុំ​មាន​ចំណង់ចំណូលចិត្ត​ចង់​អភិរក្ស​ពូជសត្វ​អណ្ដើក​ និងចង់​ស្វែងយល់​ថាតើ​សត្វ​អណ្តើក​មាន​ពូជ​ប៉ុន្មាន​ប្រភេទ​ កាលពីថ្ងៃទី​០១​ ខែមករា​ ឆ្នាំ​២០២៤​ខ្ញុំ​បានឱ្យ​ក្រុមជាង​សាងសង់​សួន​អណ្ដើក​មួយ​កន្លែង ដែលមាន​ទំហំ​ ១១,៣០ម៉ែត្រ x ៣៩ម៉ែត្រ នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី​ សែនជ័យ”។

អ្នកឧកញ៉ា បាន​ឱ្យដឹង​ទៀត​ថា​ កាលពី​ចាប់ផ្តើម​សាងសង់​ លោក​បានគិតថា​មាន​ទំហំ​ធំពេក​ តែពេលនេះ​ហាក់​បីដូច​ជាតូចចង្អៀតទៅវិញ​ ដោយសារតែ​ប្រជាជន​ ចេះតែ​យកមកប្រគល់​ឱ្យ​ចិញ្ចឹម​ថែទាំ​ជាបន្តបន្ទាប់​ រហូតមក​ដល់​សព្វថ្ងៃ​នេះមាន​ពូជ​អណ្ដើក ​៩ប្រភេទ​ ចំនួន​សរុប​ ៦៩ក្បាល​ ហើយ​​អណ្ដើក​ខ្លះមាន​ទម្ងន់​រហូត​ទៅដល់​៧០គីឡូក្រាម​ឯណោះ។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏សូម​អំពាវនាវ​ដល់បងប្អូន​ប្រជាពលរដ្ឋ​ បើមាន​សត្វ​អណ្ដើក​គ្រប់​ប្រភេទ​ ឬពូជ​សត្វ​កម្រ​ផ្សេងៗទៀត​ សូមមេត្តា​កុំ​បរិភោគ​វា ​ដើម្បី​ចូលរួម​ចំណែក​អភិរក្ស​ពូជ​សត្វ​ទាំងអស់​នោះទុកឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​ អន្តរជាតិ​ និងកូនចៅយើង​ជំនាន់​ក្រោយៗ​បានមក​ទស្សនា​ឱ្យស្គាល់ជាក់ស្តែង។

សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីក្នុងមុខជំនួញកសិ-ឧស្សាហកម្ម ធំបំផុតក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា ជាម្ចាស់​​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ ម៉ុង​ ឫទ្ធី សែនជ័យ ដែលជាតំបន់ទេសចរណ៍កែច្នៃបែបធម្មជាតិ រួមមានទាំង​ ទីលាន​ប្រណាំងរថយន្ត ឡូរីជិះកម្សាន្ត​ប្រវែង​១០​គីឡូម៉ែត្រ ដែលកំពុងពេញនិយមខ្លាំង ព្រមទាំង​មាន​សួនសត្វ​ជា​ច្រើន​ប្រភេទ​ផងដែរ៕