Volkswagen កំពុងពិចារណាបិទរោងចក្រនៅអាល្លឺម៉ង់ ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តជិត ៩០ឆ្នាំ

អន្តរជាតិ

ក្រុមផលិតរថយន្ត Volkswagen កំពុងពិចារណាក្នុងការបិទរោងចក្រនៅប្រទេសអាឡឺម៉ង់ជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្ត្ររយៈពេល ៨៧ឆ្នាំរបស់ខ្លួន​ ដើម្បីកាត់បន្ថយការចំណាយ ចំពេលមានការប្រកួតប្រជែកាន់តែខ្លាំងឡើងពីសំណាក់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់អាល្លឺម៉ង់ ហើយក៏ជាក្រុមហ៊ុនដ៏ធំបំផុតមួយរបស់ពិភពលោកផងនោះ បាននិយាយថា ខ្លួនមិនហ៊ានបដិសេធថានឹងមិនបិទរោងចក្រនៅក្នុងប្រទេសកំណើតរបស់ខ្លួនបាននោះ។

ទន្ទឹមនឹងនេះ លោក Oliver Blume នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen Group បាននិយាយទៀតថា ៖”ឧស្សាហកម្មរថយន្តនៅតំបន់អឺរ៉ុបស្ថិតក្នុងស្ថានភាពលំបាកខ្លាំង។ បរិយាកាសសេដ្ឋកិច្ចកាន់តែតឹងតែង ហើយដៃគូប្រកួតប្រជែងថ្មីៗកំពុង​ហូរ​ចូលទីផ្សារអឺរ៉ុបកាន់តែច្រើន”។

ជម្រាបជូនថា ក្រុមហ៊ុន Volkswagen ដែលបានចាប់ផ្តើមប្រឹងប្រែងកាត់បន្ថយការចំណាយរហូតដល់ជាង ១១ពាន់លានដុល្លារ កាលពីចុងឆ្នាំមុន កំពុងបាត់បង់ចំណែកទីផ្សារយ៉ាងច្រើននៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតតែមួយគត់របស់ខ្លួន។ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤ នេះ ការដឹកជញ្ជូនរថយន្តទៅកាន់អតិថិជននៅក្នុងប្រទេសចិន បានធ្លាក់ចុះ ៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ស្របពេលប្រាក់ចំណេញប្រតិបត្តិការ បានធ្លាក់ចុះ ១១,៤% មកនៅត្រឹម ១១,២ពាន់លានដុល្លារ៕