ជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ឧបត្ថម្ភទឹកពិសាចំនួន ២ ០០០កេស ដល់ក្រសួងព័ត៌មាន ដើម្បីគាំទ្រដំណើរទស្សនកិច្ចទៅកាន់ខេត្តភូមិភាគឦសាន

ជុំវិញ​ឧកញ៉ា

ជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន វ័នហ្វ្រេតធើនីធី និងជាប្រធានមូលនិធិ២៥រៀល កាលពីថ្ងៃទី៥ ខែកញ្ញា បានចាត់តំណាងក្រុមហ៊ុននាំយកទឹកពិសាចំនួន ២ ០០០កេស ឧបត្ថម្ភជូន​ក្រសួងព័ត៌មាន ដើម្បី​ចូលរួមជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​គាំទ្រលើការរៀបចំដំណើរទស្សនកិច្ចទៅកាន់​បណ្តាខេត្តនៅទិសឦសាន​ជូនបងប្អូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ទទួលខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ក្រោម​អធិបតីភាព​លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសម្របសម្រួល​ដំណើរ​ទស្សនកិច្ច និងដោយមានការចូលរួមពីលោក ហេង វ៉ាន់សាក់ ប្រធានធុរកិច្ចក្រុមហ៊ុន វ័នហ្វ្រេតធើនីធី។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណ និងកោតសសើរចំពោះ លោកជំទាវអ្នកឧកញ៉ា ជឹង សុគន្ធាវី ជាអគ្គនាយិកា តែងតែបានចូលរួមជាមួយរាជរដ្ឋាភិបាល និងឧបត្ថម្ភគាំទ្រក្នុងដំណើរទស្សនកិច្ច​ទិសឦសាន ដោយឥតគិតថ្លៃ ទៅកាន់តំបន់បណ្តោយព្រំដែនក្នុងខេត្តត្បូងឃ្មុំ-ក្រចេះ-មណ្ឌលគិរី-រតនគិរី-និងខេត្តស្ទឹងត្រែង នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះនិងថ្ងៃបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដំណើរ​ទស្សនកិច្ច​ទិសឦសាន​ដោយឥតគិតថ្លៃ នឹងធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ ដោយចាប់ផ្តើមពីថ្ងៃទី៧ ខែកញ្ញា រហូតដល់ចុងឆ្នាំ២០២៤នេះ ដើម្បីផ្តល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋ បានឃើញដោយផ្ទាល់នូវការអភិវឌ្ឍ​ជាក់ស្តែងនៅតាមតំបន់ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវក្រវាត់ព្រំដែន និង ការអភិវឌ្ឍជារួមរបស់​ប្រជាពលរដ្ឋ​ក្នុងភូមិភាគឦសាន ដែលរួមមានខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និង ខេត្តរតនគិរី៕