ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បាននិងកំពុងធានាសន្តិសុខថាមពលក្នុងប្រទេសកម្ពុជាសរុប ២០%។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨ ដោយមានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា ស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល។
សូមរម្លឹកផងដែរថា បើតាមក្រុមហ៊ុនចិន Huaneng ធ្លាប់បានឱ្យដឹងថា ស្ថានីយនេះ គឺអាចផ្តល់កម្លាំង៤០០មេហ្កាវ៉ាត់ ជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជាដែលស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស។ នេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Huaneng Hydrolancang International Energy របស់ប្រទេសចិន ក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ EVN របស់វៀតណាម។
ចាប់តាំងពីគម្រោងនេះ ត្រូវបានដាក់ឱ្យដំណើរការមក ទំនប់ទឹកនេះបានបន្តចែកចាយអគ្គិសនីសម្រាប់រាជធានីភ្នំពេញ និងទីក្រុងដទៃទៀត ដែលជួយធ្វើឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់កម្ពុជាមានភាពល្អប្រសើរឡើង ក៏ដូចកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូល ហើយព្រមទាំងកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជាបានយ៉ាងច្រើន និងនាំមកនូវថាមពលស្អាតដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ រង្សី