ព្រឹត្តិការណ៍ក៏កក្រើកមិនធ្លាប់មាននៅកម្ពុជា Gumball 3000 នឹងមានការចូលរួមពីបុគ្គលល្បីៗ សេដ្ឋីៗ ទាំងនៅក្នុងស្រុក និងក្រៅប្រទេស ហើយក្នុងនោះវត្តមាន YouTuber ល្បីៗ នឹងកាន់តែជួយផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិឲ្យកាន់តែល្បីល្បាញមួយកម្រិតទៀត។
YouTuber លំដាប់អន្តរជាតិមានអ្នកគាំទ្ររាប់លាននាក់ ដែលនឹងមានវត្តមាននៅប្រទេសកម្ពុជា រយៈពេល ១០ថ្ងៃខាងមុខ គឺមានដូចជាលោក IshowSpeed មាន Subscriber រហូតដល់ ២៨,៧លាននាក់ លោក LazarBeam មាន Subscriber ២២,៣លាននាក់ និងលោក Lachlan មាន Subscriber ១៥,១លាននាក់ នឹងធ្វើឲ្យពិភពលោកស្គាល់ពីសក្ដានុពល នៃប្រទេសកម្ពុជាកាន់តែខ្លាំង។
ការមកដល់របស់បុគ្គលល្បីៗទាំងនេះ គឺកាន់តែជួយឲ្យទេសចរណ៍កម្ពុជារីកចម្រើន ដ្បិតរាល់វីដេអូដែលពួកគេបង្ហោះលើបណ្ដាញសង្គម ទទួលបានការចូលមើលពីមនុស្សទូទាំងពិភពលោក រាប់លាននាក់ ហើយវាក៏សមស្របទៅតាមគោលបំណងនៃកម្មវិធី ដែលចង់ជួយផ្សព្វផ្សាយពីសក្ដានុពល នៃវិស័យទេសចរណ៍កម្ពុជាផងដែរ។
កម្មវិធី Gumball 3000 នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១៥ ខែកញ្ញានៅសួនវត្តបទុម រាជធានីភ្នំពេញ និងនៅថ្ងៃទី១៦ និងទី១៧ ខែកញ្ញា នៅក្នុងខេត្តសៀមរាប ដែលនឹងបើកឲ្យចូលរួមដោយសេរី មិនគិតថវិកាអ្វីឡើយ៕