ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ ប្រទេសចិន បានផ្តល់ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន៨ នៅក្នុងប្រទេសកម្ពុជា។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ លើទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិកនេះ បានធ្វើឡើងកាលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន។
នាឱកាសនោះ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សូមថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានបន្តគាំទ្រកម្ពុជា និងប្រទេសសមាជិកមេគង្គផ្សេងទៀតតាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា និងបណ្តាប្រទេសអនុតំបន់ទន្លេមេគង្គ។
សូមបញ្ជាក់ដែរថា បើតាមក្រសួងការបរទេស បានឱ្យដឹងទៀតថា ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២៤ កម្ពុជាទទួលបាន ហិរញ្ញប្បទាន ដែលមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន៨ ដែលផ្តោតលើផ្នែក ទេសចរណ៍ សកម្មភាពមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការកសាងសមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ កិច្ចសហប្រតិបត្តិការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមេគង្គ-ឡានឆាង៕ អត្ថបទ៖ រង្សី