អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អមដំណើរសម្ដេចតេជោ ហ៊ុន សែន ចូលរួមវេទិកាចំណេះដឹងពិភពលោក នៅសាធារណរដ្ឋកូរ៉េ

ជុំវិញ​ឧកញ៉ា

នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា បាន​ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញ​អមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួម​វេទិកា​ចំណេះដឹងពិភពលោក នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី ៩-១៣ ខែកញ្ញា ឆ្នាំ២០២៤។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តបតាម​ការអញ្ជើញរបស់ស្ថាបនិក​នៃវេទិកា​ចំណេះដឹងពិភពលោក សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដឹកនាំគណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥ ក្រោមមូលបទ «មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)» ហើយ​នឹង​អញ្ជើញចូលរួមកម្មវិធីផ្លូវការសំខាន់ៗ​ផ្សេងទៀត នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើ​​តាម​សេចក្តីប្រកាសព័ត៌មានរបស់​អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

សេចក្តីប្រកាសព័ត៌មានដដែល​ បានឱ្យដឹងទៀតថា គណៈប្រតិភូអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ​សំខាន់ៗ​របស់​ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងគណៈប្រតិភូ​សភាពាណិជ្ជកម្មកម្ពុជាផងដែរ៕