រដ្ឋាភិបាលថ្មីរបស់ថៃ នឹងផ្តល់អាទិភាពលើការដោះស្រាយបំណុលគ្រួសារដែលមានទំហំជិត ៥០០ពាន់លានដុល្លារ

អន្តរជាតិ

រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ គ្រោងនឹងពន្លឿនការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដើម្បីដោះស្រាយទៅលើបំណុលគ្រួសារដែលមានចំនួនប្រមាណ ៤៧៥ពាន់លានដុល្លារ តាមរយ:ការផ្តល់ជំនួយហិរញ្ញវត្ថុដល់អាជីវកម្មខ្នាតតូច និងពន្លឿនការជំរុញសារពើពន្ធបន្ថែម ដើម្បីលើកកម្ពស់ដល់កំណើនសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមនាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី Paetongtarn Shinawatra បានបញ្ជាក់ឲ្យដឹងថា ផែនការដោះស្រាយបំណុលខាងលើ នឹងត្រូវប្រកាសជូននៅក្នុងកិច្ចប្រជុំសភា នាថ្ងៃទី១២ ខែកញ្ញាខាងមុខ ខណ:កំណែទម្រង់បំណុលនេះ នឹងគ្របដណ្តប់លើប្រព័ន្ធទាំងមូល ស្របពេលរដ្ឋាភិបាលបានកំណត់គោលដៅជាពិសេស ក្នុងការផ្តល់ជំនួយដល់អ្នកខ្ចីបំណុលសម្រាប់ទិញរថយន្ត និងកម្ចីសម្រាប់ទិញផ្ទះ។

មិនតែប៉ុណ្ណោះគំនិតផ្តួចផ្តើមនេះ ក៏នឹងគ្របដណ្តប់លើវិស័យហិរញ្ញវត្ថុក្រៅផ្លូវការផងដែរ ហើយនឹងត្រូវបានអនុវត្តតាមរយៈស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋ ធនាគារពាណិជ្ជ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មផ្សេងៗ។

លោកស្រី Paetongtarn ក៏បានសង្កត់ធ្ងន់ទៀតផងដែរថា រដ្ឋាភិបាលថៃ បច្ចុប្បន្នកំពុងមានការព្រួយបារម្ភខ្លាំងចំពោះបំណុលគ្រួសារដែលបានកើនឡើងលើសពី ១៦ទ្រីលានបាត ឬស្មើនឹងជាង ៩០% នៃផលិតផលក្នុងស្រុកសរុប រួមទាំងការកើនឡើងនៃប្រាក់កម្ចីមិនដំណើរការផងដែរ។ លោកស្រី Paetongtarn បាននិយាយទៀតថា បំណុលទាំងនេះកំពុងជំរុញឲ្យមានវិសមភាពរវាងអ្នកមាន និងអ្នកក្រ ជាមួយនឹងការអភិវឌ្ឍនឹងមិនទៅណាឆ្ងាយក្រៅតែពីទីក្រុងបាងកក និងទីក្រុងធំៗប៉ុណ្ណោះ៕