ឯកអគ្គរដ្ឋទូតចិន ប្តេជ្ញាជំរុញឱ្យមានការហោះហើរត្រង់ពីខេត្ត-ក្រុងនានារបស់ចិន មកកាន់ខេត្តសៀមរាប

សង្គម​ និង​សេដ្ឋកិច្ច

លោក Wang Wenbin ឯកអគ្គរដ្ឋទូតនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងតែងតាំងថ្មី បានការប្តេជ្ញាចិត្តថា នឹងជំរុញឱ្យមានការហោះហើរត្រង់ពីខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តសៀមរាបបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកលើកឡើងបែបនេះ តាមរយៈជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ដឹកនាំដោយ លោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត កាលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤។

នាឱកាសនោះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិន បានរៀបរាប់ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការសម្ព័ន្ធមេត្រីភាពរវាងកម្ពុជា-ចិន និងបង្ហាញពីគោលជំហរនយោបាយជាមិត្តដែកថែបរវាងភាគីទាំងពីរក្នុងការពង្រឹង និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើង។

ទន្ទឹមគ្នានេះ លោកឯកអគ្គរដ្ឋទូត ក៏បានបានបង្ហាញពីឆន្ទៈយ៉ាងមុតមាំថា នឹងជួយបន្តផ្សព្វផ្សាយពីវប្បធម៌កម្ពុជា និងជំរុញឱ្យមានការហោះហើរត្រង់ពីខេត្ត-ក្រុងនានា នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ខេត្តសៀមរាប តាមរយៈការស្នើសុំឱ្យមានការចូលរួមឱ្យបានច្រើនពីសំណាក់ក្រុមហ៊ុនអាកាសចរនៃប្រទេសទាំងពីរ។

បន្ថែមលើសពីនោះដែរ លោកក៏បានជម្រាបអំពីព្រឹត្តិការណ៍មួយចំនួនដែលនឹងត្រៀមរៀបចំនៅក្នុងខេត្តសៀមរាប នាចុងឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងនោះមានដូចជា ព្រឹត្តិការណ៍មហាសន្និបាតខេត្ត/ក្រុងសម្ព័ន្ធមិត្តកម្ពុជា-ចិន កម្មវិធីទេចរកម្ពុជា-ចិន កម្មវិធីសម្រាប់អ្នកសារព័ត៌មានចិន និងកម្មវិធីផ្សេងៗទៀត ដែលផ្ដោតសំខាន់ទៅលើការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន ឱ្យមកកាន់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាខេត្តសៀមរាប កាន់តែច្រើនឡើងថែមទៀត។

ជាការឆ្លើយតប លោកអភិបាលខេត្តសៀមរាប បានបង្ហាញការគាំទ្ររបស់ភាគីប្រតិភូចិន​ចំពោះការជួយជ្រោមជ្រែងលើវិស័យមួយចំនួនក្នុងខេត្ត ជាពិសេសវិស័យទេសចរ ដែលបង្កប់ទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅនោះ។ លោក ក៏សង្ឃឹមថាការបង្កើតឱ្យមានព្រឹត្តិការណ៍នានានៅក្នុងខេត្តសៀមរាប ពិតជាអាចនាំមកនូវភាពទាក់ទាញដល់ភ្ញៀវទេសចរជាច្រើន ជាពិសេសភ្ញៀវទេសចរ និងអ្នកវិនិយោគជនជាតិចិន។

សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែល្អប្រសើរឡើង៕ អត្ថបទ៖ រង្សី