គម្រោងវិនិយោគចំនួន៥៣ ដែលមានទុនវិនិយោគសរុបប្រមាណជាង១,២ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងខែសីហា ឆ្នាំ២០២៤ ក្នុងខែសីហា ឆ្នាំ២០២៤។នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាងភិវឌ្ឍន៍កម្ពុជា(CDC)។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងថា CDCបានអនុម័តគម្រោងថ្មីចំនួន៤៦គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង១,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៣ពាន់កន្លែង។
CDC បន្តថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២២គម្រោង។
បើតាមតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខែសីហា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខ រៀងទី១ ដោយបានរួមចំណែក៨៤,៧២% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្រប ដណ្តប់៩,១២% នៃទុនវិនិយោគសរុប។
សូមបញ្ជាក់ផងដែរថា រយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ CDC បានអនុម័តគម្រោងសរុប ៣៩១គម្រោង ដែលមានទុនវិនិយោគជាង ៧.៥ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣៤១ពាន់កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១៣០គម្រោង៕