ភរិយាកំពូលមហាសេដ្ឋីម្នាក់នៅឥណ្ឌា ចង់មិនចង់ ត្រូវចាយប្រាក់ខ្ទង់លានដុល្លារជារៀងរាល់ថ្ងៃ

អន្តរជាតិ

ឧត្តមភរិយារបស់កំពូលមហាសេដ្ឋីនៅឥណ្ឌាលោក Mukesh Ambani គឺលោកស្រី Nita Ambani ជាស្ត្រីម្នាក់ដ៏មានឥទ្ធិពល និងកំពុងទុកដាក់ទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល។ លោកស្រីត្រូវបានគេដឹងថា ត្រូវចំណាយប្រាក់ខ្ទង់លានដុល្លារជាប្រចាំ​ ដើម្បីទិញសម្លៀកបំពាក់ គ្រឿងបរិភោគ ក៏ដូចជាការចំណាយតូចធំ នៅក្នុងផ្ទះដ៏ស្កឹមស្កៃរបស់ខ្លួន ដែលឈរបង្អួតរាងនៅក្នុងទីក្រុង ម៉ុមបៃ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាសកម្មភាពប្រចាំថ្ងៃ រាល់ក្រោកពីដំណេកនាពេលព្រឹកព្រលឹម លោកស្រី Nita ត្រូវពិសារទឹកតែ ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ពោលរហូតដល់ទៅ ៣០០ ០០០ដុល្លារ ខណៈមានពាក្យចចាមអារ៉ាមថា រៀងរាល់ព្រឹកលោកស្រីតែងតែទិញតែ ហើយបើសរុបជារៀងរាល់ខែវិញនោះ ត្រូវចំណាយខ្ទង់ ៩លានដុល្លារឯណោះ សម្រាប់ការទិញតែរសជាតិថ្មីៗចូលក្នុងផ្ទះ ខណៈនេះអាចថាជាចំនួនដ៏ច្រើន និងមិនគួរឲ្យជឿ តែបើក្រឡេកទៅមើលដបទឹកមានទំហំ ៧៥០មីលីលីត្ររបស់លោកស្រី គឺមានតម្លៃប្រមាណ ៥០ ០០០ដុល្លារទៅហើយ ដែលថ្លៃជាងគេបំផុតនៅលើលោក។

ក្នុងនាមជាមហាសេដ្ឋីលេខមួយប្រចាំប្រទេសឥណ្ឌា ប្រាកដណាស់ផ្ទះរបស់គ្រួសារ Ambani ត្រូវតែធំដាច់គេផងដែរ ពោលផ្ទះរបស់លោកស្រីមានឈ្មោះថា Antilia សាងសង់ឡើងអស់ទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ មានកំពស់ ២៧ជាន់ ដោយក្នុងផ្ទះនោះ លោកស្រីត្រូវចំណាយយ៉ាងហោចណាស់ ៣០លានដុល្លារក្នុងមួយខែៗ ទៅលើប្រាក់ខែបុគ្គលិកធ្វើការនៅក្នុងផ្ទះប្រមាណ ៦០០នាក់ ជាមួយនឹងកងអង្គរក្សតាមចាំការពារសុវត្ថិភាព ២៤/៧ ។

ផ្ទះដ៏ធំនេះ មានជណ្តើរយន្តប្រអប់ល្បឿនលឿនចំនួន៩ មានផ្ទៃទូលាយអាចចតឧទ្ធម្ភាចក្របានចំនួន៣ និងមានការ៉ាស់ចំនួន ៦ជាន់ទុកសម្រាប់ចតរថយន្តប្រណីតប្រមាណ ១៧០គ្រឿង។ ក្នុងចំណោមនោះ រថយន្តដែលថ្លៃជាងគេបំផុតរបស់លោកស្រី គឺជាម៉ាកយីហោរបស់ក្រុមហ៊ុន Mercedes Benz បំពាក់ដោយពេជ្រសុទ្ធចំនួន ៣០០ ០០០គ្រាប់។

ជារឿងធម្មតាទៅហើយ មនុស្សស្រីតែងតែមានតម្រូវការខ្ពស់ចំពោះសម្លៀកបំពាក់ ហើយលោកស្រី Nita ក៏មិនខុសអីពីនារីទូទៅដែរ ដ្បិតថារាល់ថ្ងៃលោកស្រីមានសម្លៀកបំពាក់បែបប្រពៃណីយឥណ្ឌា (Saree)  យ៉ាងច្រើន ដោយក្នុងនោះ មានឈុត Saree តម្លៃដល់ទៅ ៤លានដុល្លារឯណោះ ដែលជាតម្លៃដ៏ថ្លៃជាងគេបំផុតនៅលើលោក ព្រោះវាបានតុបតែឡើងមកជាមួយបំណែកមាសយ៉ាងច្រើនសម្បើម។

មិនតែប៉ុណ្ណោះ គ្រប់កាបូបយួរដៃរបស់លោកស្រី គឺត្រូវតែផលិតឡើងមកដោយភាពឯតខ្ចោះ ហើយត្រូវប្រាកដថាមានតែមួយគត់ គ្មានពីរនៅលើលោក ខណៈសូម្បីតែស្រោមទូរសព្ទ ក៏មានតម្លៃ ៥០លានដុល្លារ ជាមួយនឹងភាពប្រណីតទាក់ទាញក្រសែភ្នែក តាមរយៈការផលិតចេញពីមាសសុទ្ធ អមដោយត្បូងពេជ្រព័ណ៌ផ្កាឈូកមួយគ្រាប់យ៉ាងធំ ត្រដែតលើខ្នងទូរស័ព្ទ។

សូមជម្រាបបន្ថែមថា លោកស្រី Nita ជាភរិយារបស់លោក Mukesh Ambani ដែលជាកំពូលមហាសេដ្ឋីមានបំផុតនៅឥណ្ឌា និងមានបំផុតនៅអាស៊ី ខណៈបច្ចុប្បន្នរូបលោកមានទ្រព្យសម្បត្តិប្រមាណ ១១៣,៥ពាន់លានដុល្លារគិតត្រឹមថ្ងៃទី៩ ខែកញ្ញា (Forbes) ដោយអ្នកទាំងពីរមានកូនបីនាក់ជាចំណងដៃឈ្មោះថា Akash, Isha និងកូនប្រុសពៅ Anant ដែលទើបរៀបការថ្មីៗថ្មោងជាមួយអ្នកនាង Radhika ដោយបានចំណាយលើពិធីអស់ទឹកប្រាក់ជាង ៦០០លានដុល្លារ៕