កម្ពុជា-ហ្វីលីពីន បានបង្ហាញពីការប្តេជ្ញាថា នឹងបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំឡើង។
ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន កាលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោកនាយសេនាធិការកងទ័ពហ្វីលីពីន បានបង្ហាញមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តការល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។
ជាមួយគ្នានេះ លោក ក៏បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀតផងដែរ។
ជុំវិញការលើកឡើងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក។
ជាថ្មីម្តងទៀត សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នាជាដើម។
សូមបញ្ជាក់ដែរថា ឆ្លៀតនៅក្នុងនោះផងដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នឹងប្តេជ្ញាថានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគម្រាមកំហែងមិនប្រពៃណីផងដែរ៕ អត្ថបទ៖ រង្សី