Elon Musk ទំនងក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារ ដំបូងគេបង្អស់ នៅត្រឹមឆ្នាំ២០២៧ ខាងមុខ

អន្តរជាតិ

បច្ចុប្បន្ននេះ នៅមិនទាន់មានមហាសេដ្ឋីប្រាក់ទ្រីលានដុល្លារនៅឡើយនោះទេ ប៉ុន្តែបើតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនដានទ្រព្យសម្បត្តិ Informa Connect បានបង្ហាញឲ្យដឹងថា លោក Elon Musk អាចនឹងក្លាយមហាសេដ្ឋីប្រាក់ទ្រីលានដុល្លារដំបូងគេបំផុត នៅក្នុងរយ:ពេលត្រឹមតែប៉ុន្មានឆ្នាំខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Informa Connect បានប៉ាន់ប្រមាណថា លោក Musk ដែលបច្ចុប្បន្នគឺជាមហាសេដ្ឋីមាសដាច់គេលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ២៣៧ពាន់លានដុល្លារ កំពុងឈានទៅរកការក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារដំបូងបំផុត នៅក្នុងឆ្នាំ២០២៧ ដោយសារតែត្រូវបានសន្មតថាប្រាក់ចំណូលរបស់ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX ​រូបនេះ នឹងនៅតែបន្តកើនឡើងក្នុងអត្រាជាមធ្យម ១១០% ក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីឥណ្ឌា លោក Gautam Adani ដែលជាស្ថាបនិកក្រុមហ៊ុន Adani Group និងលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីប Nvidia ក៏នឹងអាចនឹងក្លាយជាមហាសេដ្ឋីលុយទ្រីលានដុល្លារ នៅក្នុងឆ្នាំ២០២៨ ផងដែរ ប្រសិនបើអត្រាប្រាក់ចំណូលបច្ចុប្បន្នរបស់ពួកគេ នៅមិនតែមិនមានការផ្លាស់ប្តូរនោះ។

នៅឆ្នាំ២០៣០ របាយការណ៍ដដែលនេះ បានប៉ាន់ស្មានទៀតថា ស្ថាបនិករបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg រួមជាមួយស្ថាបនិកក្រុមហ៊ុន LVMH លោក Bernard Arnault និងលោក Phil Knight នាយកប្រតិបត្តិក្រុមហ៊ុន Nike ក៏នឹងចូលរួមក្នុងបញ្ជីឈ្មោះមហាសេដ្ឋីលុយខ្ទង់ទ្រីលានដុល្លារនេះ ផងដែរ៕​