បច្ចុប្បន្ន កម្ពុជាមានរោងចក្រកិនស្រូវ និងគ្រាប់ធញ្ញជាតិខ្នាតធំចំនួន១៩មូលដ្ឋាន ជាមួយដើមទុនវិនិយោគចំនួន ៣៤២,៣០ លានដុល្លារអាមេរិក និងម៉ាស៊ីនកិនស្រូវខ្នាតតូច និងមធ្យមចំនួន ១៩,៥៧០ មូលដ្ឋាន នៅទូទាំងប្រទេស ជាមួយដើមទុនវិនិយោគចំនួន ១១១,៧០ លានដុល្លារអាមេរិក។ នេះបើយោងតាមស្ថិតិរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ជាផែនការរាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលដៅជំរុញការនាំចេញអង្ករឱ្យបាន១លានតោន ចាប់ពីឆ្នាំ២០២៥ និងសម្រេចកំណើននាំចេញជាបន្តបន្ទាប់ពី៣% ទៅ ៥% ជារៀងរាល់ឆ្នាំ។
ដើម្បីជំរុញការនាំចេញអង្ករ និងលើកស្ទួយវិស័យស្រូវអង្ករ រដ្ឋាភិបាលបានរៀបចំវេទិកាស្រូវអង្ករកាលពីថ្ងៃទី១០ ខែកញ្ញា ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដើម្បីធ្វើការប្រមូលធាតុចូល និងវេទិកាពិភាក្សាលើចរន្តនិន្នាការនៃទីផ្សារអង្ករលើពិភពលោក ក៏ដូចជាដើម្បីផ្សព្វផ្សាយអំពីគោលនយោបាយ វិធានការ គោលដៅកម្ពុជាលើការជំរុញផលិតកម្ម ការនាំចេញស្រូវអង្ករជូនប្រជាកសិករ ពាណិជ្ជករ និងភាគីពាក់ព័ន្ធទាំងអស់។
ក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ នេះ រដ្ឋមន្ត្រីបីរូបគឺ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងលោក ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យស្រូវអង្ករ តាមរយៈការស្រាវជ្រាវ និងនវានុវត្តន៍ កិច្ចសហការ និងការអនុវត្តប្រកបដោយនិរន្តរភាព ដើម្បីលើកបង្កើនភាពប្រកួតប្រជែងជាសកលនៃអង្ករកម្ពុជា។
ថ្លែងក្នុងវេទិកា លោក ហែម វណ្ណឌី បានផ្តោតលើសារៈសំខាន់នៃការកែច្នៃដើម្បីបង្កើតតម្លៃបន្ថែមសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជា និងបានលើកឡើងពីតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការនាំយកផលិតផលកសិកម្មមកកែប្រែ កែច្នៃ និងផលិតទៅជាផលិតផលកសិ-ឧស្សាហកម្ម និងឧស្សាហកម្ម ដែលផ្តល់តម្លៃបន្ថែមខ្ពស់ និងបង្កើតឱកាសទីផ្សារពិសេស (Niche Market)។
លោក បានជំរុញឱ្យភាគីពាក់ព័ន្ធបន្តការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ផ្នែកដឹកជញ្ជូន ភស្តុភារកម្ម បរិក្ខាស្តុកទុក និងរោងចក្រកែច្នៃ ព្រមទាំងអនុវត្តកសិកម្មមេត្រីភាពបរិស្ថាន និងចាប់យកបច្ចេកវិទ្យាកសិកម្មទំនើប ស្របតាមផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាកសិកម្ម (Agri-Tech Roadmap)។ ការអនុវត្តទាំងនេះ មិនត្រឹមតែបង្កើនទិន្នផលប៉ុណ្ណោះទេ តែវាក៏រួមចំណែកដល់និរន្តរភាពនៃភពផែនដី ដែលអ្នកប្រើប្រាស់នៅទូទាំងពិភពលោកកាន់តែយកចិត្តទុកដាក់។
លោករដ្ឋមន្ត្រីបានជម្រាបជូនថា ដើម្បីគាំទ្របន្ថែមដល់វិស័យស្រូវអង្ករ ពិសេសអ្នកនាំចេញ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រែក្លាយមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលនឹងពង្រីកសមត្ថភាពធ្វើតេស្តរបស់ខ្លួនចាប់ពីខែធ្នូនេះទៅ៕