នៅលើបណ្តាញសង្គមហ្វេសប៊ុកបច្ចុប្បន្ន គេតែងសង្កេតឃើញបុគ្គលជោគជ័យមួយចំនួនបានបង្ហោះពីសកម្មភាពសំខាន់ៗរបស់ខ្លួនដូចជា ការទិញផ្ទះថ្មី ឬប្តូររថយន្តទំនើបថ្មី ដើម្បីជាភាពរីករាយនិងជាអនុស្សាវរីយ៍របស់ខ្លួន ដែលបានខិតខំប្រឹងប្រែងប្រកបការងារផ្សេងៗ។ ទោះយ៉ាងណា ការបង្ហោះបែបនេះ ក៏មានមតិជាច្រើនបានអបអរសាទរ ប៉ុន្តែក៏មានមតិមួយចំនួនរិះគន់ផងដែរ។
ចំពោះបញ្ហាខាងលើនេះ ឧកញ៉ា យឹម តាស្រង់ នាយកប្រតិបត្តិក្រុមហ៊ុន EEw9 យល់ឃើញថា ឃើញមិនគួរភ្លេចខ្លួនទៅបញ្ចេញមតិឌឺដងអ្វីដល់គេនោះទេ អ្វីដែលយើងគួរធ្វើគឺត្រូវសម្លឹងមើលខ្លួនឯង ខិតខំដើម្បីគ្រួសារ មនុស្សជុំវិញខ្លួន និងសង្គមជាតិ ទើបជាការប្រសើរ។
លោកឧកញ៉ា បានបង្ហោះរូបភាពជាមួយរថយន្តស៊េរីឆ្នាំចាស់មួយគ្រឿងភ្ជាប់ជាមួយសារ កាលពីថ្ងៃទី១១ ខែកញ្ញា ដូច្នេះថា៖ “ឃើញគេរីកចម្រើនប្តូរឡាន ប្តូរផ្ទះ បង្ហោះលើហ្វេសប៊ុក ទាំងអស់នោះជាភាពរីករាយរបស់ពួកគាត់ ដែលពួកគាត់ចង់បាន បន្ទាប់ពីគាត់ប្រឹងប្រែងតាមជំនាញពួកគាត់។ ចំណែកយើងអ្នកមើល បើភ្លេចខ្លួនShare ឬខមមិនឌឺដងគេ នាំតែគេយល់ថាអ្នកច្រណែន គេ។ អ្វីដែលត្រូវបំផុតសម្រាប់យើងគួរចំណាយពេលសម្លឹងខ្លួនឯង ខិតខំដើម្បីគ្រួសារយើងទាំងអស់គ្នា និងមនុស្សជុំវិញខ្លួន ព្រមទាំងសង្គមជាតិ”។
សូមជម្រាបថា ឧកញ៉ា យឹម តាស្រង់ អតីតអ្នកនិពន្ធ និងអ្នកគ្រប់គ្រងទូទៅផលិតកម្ម Galaxy Navatra ទទួលបានដំណែងថ្មីជាម្ចាស់ភាគហ៊ុន និងនាយកប្រតិបត្តិក្រុមហ៊ុន នាំចូលផលិតផលពីប្រទេសកូរ៉េ គឺក្រុមហ៊ុន EEw9 កាលពីចុងខែឧសភា ឆ្នាំ២០២២។ លោកត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ត្រាស់បង្គាប់ផ្តល់គោរមងារជា “ឧកញ៉ា” កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២៕