ទីបំផុតថ្ងៃរង់ចាំ កាន់តែកៀកនឹងមកដល់ហើយ គឺថ្ងៃចុងសប្ដាហ៍នេះហើយ! កម្មវិធីប្រមូលផ្ដុំដោយរថយន្តទំនើបៗប្រមាណជា ១៥០ គ្រឿងដែលបើកបរដោយបុគ្គលល្បីៗមានឥទ្ធិពលមកពីជាង ៥០ ប្រទេសចម្រុះជាតិសាសន៍ ដែលមានអ្នកចូលរួមសុទ្ធសឹងជា មហាសេដ្ឋី អតីតកីឡាករ កីឡាការិនី តារាហូលីវូដ តារាចម្រៀង តារារ៉េប អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម Youtuber ខ្មែរ និងអន្តរជាតិ រួមទាំងបុគ្គលល្បីៗជា ច្រើនទៀត មកពីជុំវិញពិភពលោកនឹងមកជួបជុំគ្នាដើម្បីចូលរួមព្រឹត្តិការណ៍ Gumball 3000 ដែលធ្វើឡើងលើកដំបូងនៅកម្ពុជា។
ក្បួនរថយន្តដ៏ធំនេះនឹងឆ្លងកាត់ប្រទេសកម្ពុជារយៈពេល ២យប់ ៣ថ្ងៃដោយឆ្លងកាត់រាជធានីភ្នំពេញនិងសៀមរាបអង្គរគឺចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី១៧ ខែកញ្ញាដែលនឹងចូលរួមផ្ទាល់ដោយលោក Maximillion Cooper នាយកប្រតិបត្តិ និងស្ថាបនិក Gumball 3000 រួមដំណើរដោយលោក Nico Leonard ជា Youtuber ហូឡង់និងជាអ្នកជំនួញម៉ាកនាឡិកាដ៏ល្បីល្បាញ លោក Zizan Razak តារាសម្តែងជនជាតិម៉ាឡេស៊ី លោក Binz Da Poet ពិធីករនិងតារាចម្រៀងរ៉េបល្បីរបស់វៀតណាម លោក Lazarbeam លោក Lachlan និងលោក Darren Watkins Jr. (តារាយូធូប IShowSpeed) ជាបុគ្គលដ៏ល្បីមួយរូបក្នុងពិភព Game និង Live Stream ជា Youtuber អន្តរជាតិដែលអ្នកតាមដានរាប់លាននាក់នៅលើបណ្ដាញសង្គម អ្នកនាង Leona Chin ជើងឯកប្រណាំង ឡានម៉ាឡេស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកមានឥទ្ធិពលរបស់កម្ពុជាជាច្រើនរូបក៏នឹងបង្ហាញវត្តមានក្នុងក្បួនរថយន្តលំដាប់ អន្តរជាតិផងដែរដែលមានដូចជា Chip Mong Group, Rev Up Cambodia, GAC Motor Cambodia, Erich, ឧកញ៉ា ខេមរៈ សិរីមន្ត លោក សុង សុវណ្ណារ៉ា Youtuber កម្ពុជាល្បីៗមាន Fa seng, Chris Dyna, Han Media និង Tom GT និង vlogger ជាច្រើនរូបផ្សេងទៀត។
កម្មវិធីផ្លូវការនៃព្រឹត្តិកាណ៍ដ៏ធំ Gumball 3000 ជាលើកដំបូងនេះ ត្រូវបានរៀបចំ និងសម្របសម្រួលពីស្ថាប័នកំពូលៗ ទាំងស្ថាប័នរដ្ឋ និងឯកជន ដូចជា៖ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការ ក្រសួងទេសចរណ៍, ឯកឧត្តម ទៀ ស្យាម ប្រធានក្រុម Cambodia Car Culture, ជាពិសេស ឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង និងថ្នាក់ដឹកនាំកំពូលៗ ក្រុមហ៊ុន ជីប ម៉ុង រួមទាំង ស្ថាប័នពាក់ព័ន្ធ និងមហាជន អ្នកស្រឡាញ់ចូលចិត្តវិស័យយានយន្តនៅកម្ពុជា ជាច្រើនរូបទៀតផងដែរ។
Gumball 3000 Rally លើកទី២៥ លើកនេះ មិនត្រឹមជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ ប៉ុណ្ណោះទេ ប៉ុន្តែ ព្រឹត្តិការណ៍ «Gumball 3000 Rally Cambodia» នេះនឹងជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍កម្ពុជាដល់ពិភពលោក ជួយកំណើនទេសចរងាកក្រសែភ្នែកមកទស្សនាតំបន់អង្គរ និងប្រាសាទអង្គរកាន់តែច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ក្រោមការផ្ដួចផ្ដើម និងសម្របសម្រួលពីរដ្ឋបាលខេត្តសៀមរាប ក៏ដូចជា អាជ្ញាធរអប្សរា ម្ចាស់រថយន្ត Supercar ទាំងអស់ដែលចូលរួម បង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត ថែមទៀតទៀតផង
កាន់តែមោទនភាព និងសរសើរទឹកចិត្តមហាសប្បុរសដែលលះបង់ពេលវេលា ធនធាន កម្លាំងកាយ-ចិត្ត រួមចំណែកបង្កើតប្រវត្តិសាស្ត្រមហាព្រឹ្តត្តិការណ៍លំដាប់ពិភពលោកនេះនៅលើទឹកដីកម្ពុជា។ ថវិកាទាំងអស់ ដែលទទូួលបានពីសប្បុរសជនលើការបរិច្ចាគ និងឧបត្ថម្ភនានា ក្នុងមហាព្រឹត្តិការណ៍ Gumball 3000 Rally នេះ នឹងត្រូវយកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ តាមការរំពឹងទុក ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចាប់អារម្មណ៍ចូលរួមទស្សនា ប្រមាណ ៦ម៉ឺននាក់ ៕