ក្លិបអ្នកកាសែតកម្ពុជា និងក្រសួងសុខាភិបាល បានសហការគ្នារៀបចំវេទិកាសារព័ត៌មាន ស្តីពី « ស្ថានភាពសុខាភិបាលកម្ពុជា៖ បញ្ហាប្រឈម និងឱកាស» និងជាពិសេសស្ថានភាពវិស័យសុខាភិបាល ក្នុងរយៈពេលមួយឆ្នាំ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ នៅអាគារតេជោសន្តិភាព ក្នុងបរិវេណមន្ទីពេទ្យកាល់ម៉ែត្រ។
វេទិកានេះ ដឹកនាំដោយ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងលោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខភិបាល ព្រមទាំងមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
ថ្លែងក្នុងវេទិកានោះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានឱ្យដឹងថា លទ្ធផលការងារក្នុងរយៈពេលមួយឆ្នាំរបស់ក្រសួងសុខាភិបាល ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា សកម្មភាពរបស់ក្រសួងត្រូវបានអនុវត្តតាមអ័ក្សបី៖ ១. ការឆ្លើយតបនឹងតម្រូវការចំពោះមុខរបស់ប្រជាជន តាមរយៈការពង្រីកសេវាសុខភាពទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់។ នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋប្រមាណ៤៣% ទទួលបានប័ណ្ណក្រីក្រ និងបសស ដែលមានសមាជិក ២ ៤៥៣ ០០០នាក់នៅចុងខែកក្កដា ហើយមានមូលដ្ឋានសុខាភិបាលបន្ថែមចំនួន ១ ៥៧៣ បានចូលរួម។
ទី២. ការកសាងយុទ្ធសាស្ត្រសុខាភិបាលតាមវិស័យ និងការចូលរួមក្នុងការរៀបចំយុទ្ធសាស្ត្រអន្តរក្រសួង និងទី៣. ការពង្រឹងមធ្យោបាយឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមដំណាលគ្នា ពោលគឺការកើតមានទន្ទឹមគ្នារវាងជំងឺមិនឆ្លង និងជំងឺរ៉ាំរ៉ៃ ដែលកំពុងតែកើនឡើងយ៉ាងខ្លាំង។
ជាមួយគ្នានោះ លោក ឈាង រ៉ា បានគូសបញ្ជាក់ថា វឌ្ឍនភាពដែលត្រូវសម្រេចបានលើប្រធានបទផ្សេងទៀត ដូចជាការឈានឆ្អោះទៅរកការគ្របដណ្តប់សុខភាពជាសាកល ដែលត្រូវការកើនឡើងពី៥១% ទៅ៨០% ក្នុងឆ្នាំ២០៣៥ ការចាត់តាំងបុគ្គលិកសុខាភិបាលនៅតំបន់ជនបទដាច់ស្រយាល ការពង្រឹងគោលនយោបាយបង្ការ ការពង្រឹងការប្រយុទ្ធប្រឆាំងជំងឺមហារីកជាដើម។
សូមជម្រាបថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះអាទិភាពទី១ គឺ « ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល» តាមរយៈការពង្រីកការគ្របដណ្តប់៖ (១) កម្មវិធីមូលនិធិសមធម៌សម្រាប់គ្រួសារងាយរងហានិភ័យ និង (២) របបថែទាំសុខភាពនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) សម្រាប់សមាជិកគ្រួសារ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស តាមគោលការណ៍ស្ម័គ្រចិត្ត រួមជាមួយនឹងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ដែលផ្តោតលើការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន៕