ឥណ្ឌា គ្រោងដំឡើងពន្ធដល់ ៣០% ទៅលើផលិតផលដែក នាំចូលពីចិន និងវៀតណាម

អន្តរជាតិ

យោងតាមបទបញ្ជាមួយដែលចេញដោយក្រសួងហិរញ្ញវត្ថុឥណ្ឌា បានប្រកាសថាខ្លួននឹងចាប់ផ្តើមដំឡើងពន្ធដល់ ៣០% លើការនាំចូលផលិតដែកមួយចំនួនពីប្រទេសចិន និងវៀតណាម ក្នុងគោលបំណងដើម្បីលើកកម្ពស់ និងការពារឧស្សាហកម្មក្នុងស្រុក។ នេះបើតាមការ​ចុះផ្សាយពីសារព័ត៌មាន Times of India។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទបញ្ជាដែលបានប្រកាសចេញកាលពី​ថ្ងៃ​ទី​១០ ខែកញ្ញាកន្លងទៅនេះ បាន​បញ្ជាក់​ទៀតថា ការ​នាំ​ចូលផលិតផលដែក​មួយចំនួនរបស់​ចិន និង​វៀតណាម​ ដូច​ជា​ដែក​អ៊ីណុក និង​ដែកបំពង់ ​នឹង​ត្រូវ​យក​ពន្ធច្រើនជាងមុន នៅក្នុង​រយៈពេល ​៥​ឆ្នាំ​បន្ទាប់។

គួរឲ្យដឹងផងដែរថា ទំនាក់ទំនង​រវាងឥណ្ឌា និងចិន​ នៅតែបន្តមានភាពតានតឹង ចាប់តាំងពី​យោធា​របស់ប្រទេសទាំងពីរធ្លាប់​ប៉ះទង្គិច​គ្នា​ នៅតាមបណ្តោយ​ព្រំដែន​ហិមាល័យ​ ​ក្នុង​ឆ្នាំ២០២០ ដែល​ជំរុញឲ្យរដ្ឋាភិបាលទីក្រុងញូវដេលី ​ចាប់ផ្តើមរឹតបន្តឹង​ការត្រួតពិនិត្យ​កាន់ខ្លាំងឡើងលើការវិនិយោគ​ និង​បញ្ឈប់​គម្រោង​ធំៗរបស់ប្រទេសចិនមួយចំនួនរួចមកហើយ។

តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar កាលពីថ្ងៃអង្គារ បាននិយាយថា ឥណ្ឌានឹងមិនបិទអាជីវកម្មពីប្រទេសចិនទាំងស្រុងនោះទេ ប៉ុន្តែបញ្ហាគឺថាស្ថិតនៅលើផ្នែកណា និងលើលក្ខខណ្ឌអ្វីដែលរដ្ឋាភិបាលទីក្រុងប៉េកាំងចង់មកធ្វើអាជីវកម្មប៉ុណ្នោះ។

ជម្រាបជូនផងដែរថា កាលពី​ខែសីហាកន្លងទៅ រដ្ឋាភិបាលឥណ្ឌា ​បាន​ចាប់ផ្តើម​បើកការស៊ើបអង្កេត​ប្រឆាំង​ទៅនឹងការលក់​បង្ខូច​តម្លៃ​ទំនិញ ជុំវិញ​ការ​នាំចូល​ផលិតដែក​មួយចំនួន ​ពី​ប្រទេស​វៀតណាម​ផងដែរ៕