សមាគមឧកញ៉ាកម្ពុជា៖ ក្រុមហ៊ុនមួយរបស់ប្រទេសចិន នឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Wanli Stone របស់ប្រទេសចិន នឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្ដីប្រកាសព័ត៌មានសមាគមឧកញ៉ាកម្ពុជាបានឱ្យដឹងថាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហ៊ុន ឡាក់ ជាអគ្គលេខាធិការ សមាគមឧកញ៉ាកម្ពុជា ធ្វើជាតំណាងលោកអ្នកឧកញ៉ាប្រធាន ដើម្បីដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាដែលរួមមានសមាសភាព អ្នកឧកញ៉ា គួន ធីតា ឧកញ៉ា លី សុភាព និង ឧកញ៉ា លីវ ឃុងថៃ ចូលរួមអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគ និងចូលរួម “ពិព័រណ៌អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនៅទីក្រុងស៊ាមិន សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦-១០ ខែកញ្ញា ឆ្នាំ២០២៤។

សមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងថានៅក្នុងបេសកកម្មនេះ សម្រេចបានលទ្ធផលប្រកបដោយជោគជ័យ និងវិជ្ជមាន។

ក្នុងអំឡុងពេលបំពេញបេសកកម្ម លោក ស៊ុន ចាន់ថុល បានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក “វេទិកាកិច្ច សហប្រតិបត្តិការអន្តរជាតិផ្លូវសូត្រសមុទ្រ លើកទី៦-ដោយគូសបញ្ជាក់ថា ក្រៅអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់កិច្ចសហប្រតិបត្តិការ លើវិស័យកំពង់ផែ ការដឹកជញ្ជូនតាមផ្លូវទឹក និងពាណិជ្ជកម្ម កម្ពុជាមើលឃើញនូវឱកាសយ៉ាងច្រើនលើកិច្ចការងារវិនិយោគ ដែលរួមមានលើវិស័យជាអាទិ៍ បច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លើសពីនេះ លោក ស៊ុន ចាន់ថុល ក៏បានចូលរួមផ្តល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងពិធិបើក “ពិព័រណ៍អន្តរជាតិចិនលើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” ដោយលើកឡើងថា កិច្ចការវិនិយោគ និងពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីនជំរុញឱ្យមាន ការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច”។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញគោលបំណង របស់កម្ពុជា ដែលកំពុងស្វែងរកមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យា ថាមពល កកើតឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព និងស្នើសុំឱ្យភាគីចិនពិនិត្យលទ្ធភាពក្នុងការបណ្តាក់ទុនវិនិយោគរបស់ ខ្លួន ពិសេសលើវិស័យកំពង់ផែ និងភស្តុភារកម្មនៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ ប្រតិភូសមាគមឧកញ៉ាកម្ពុជា បានចែករំលែកនូវបទពិសោធន៍ជាក់ស្តែងអំពីស្ថានភាព និងកាលានុវត្តភាព ធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានធ្វើបទបង្ហាញអំពីសក្តានុពលនៃក្រុមហ៊ុននីមួយៗរបស់ខ្លួន ជូនធុរជន និង វិនិយោគិនចិនសម្រាប់ជាព័ត៌មានមូលដ្ឋានក្នុងការផ្គូផ្គងធុរកិច្ច និងកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នាណាមួយនាពេល អនាគតផងដែរ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចខាងលើ តំបន់ពាណិជ្ជកម្មសេរី FJFTZ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យ លទ្ធភាពរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត ដើម្បីរួមគ្នាជំរុញឱ្យការវិនិយោគឯកជនពីសាធារណរដ្ឋប្រជា មានិតចិនមកកម្ពុជាកាន់តែមានភាពសម្បូរបែបបង្កើនពិពិធកម្មសេដ្ឋកិច្ចសង្គមកម្ពុជា។ បន្ថែមលើនេះ ក្រុមហ៊ុន Wanli Stone ក៏បានបង្ហាញអំពីផែនការរបស់ខ្លួនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតក្នុងប្រទេសកម្ពុជា ពិសេសនឹងពិនិត្យលទ្ធភាពវិនិយោគ លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕