សៀមរាបខែនេះដឹងតែមិនស្ងាត់តែម្ដង! ព្រឹត្ដិការណ៍ធំៗចំនួន៣នឹងកើតឡើងនៅក្នុងទឹកដីខេត្ដសៀមរាបក្នុងខែកញ្ញានេះ

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងខេត្ដសៀមរាបនឹងកើតឡើងនូវព្រឹត្ដិការណ៍ធំៗចំនួន៣ ដែលយើងទាំងអស់គ្នាមិនគួររំលង។ ព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅក្នុងខែកញ្ញានេះ មានដូចជា Gumball 3000, ព្រឹត្តិការណ៍សមរាត្រី និងទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍ Gumball 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមសុទ្ធសឹងជា មហាសេដ្ឋី អតីតកីឡាករ កីឡាការិនី តារាហូលីវូដ តារាចម្រៀង តារារ៉េប អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម Youtuber ខ្មែរ និងអន្តរជាតិ រួមទាំងបុគ្គលល្បីៗជាច្រើនទៀតជុំវិញពិភពលោក។ ព្រឹត្ដិការណ៍ Gumball 3000 នេះ ក៏នឹងបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតឡានច្រើនជាងគេនៅមុខប្រាសាទអង្គរវត្ត ថែមទៀតផងដែរ។ ព្រឹត្ដិការណ៍ Gumball 3000 នឹងធ្វើឡើងចាប់ពីថ្ងៃទី១៦- ១៧ ខែកញ្ញា ឆ្នាំ២០២៤។

ព្រឹត្ដិការណ៍ទី២ គឺសមរាត្រី។ ព្រឹត្តិការណ៍សមរាត្រី គឺជាព្រឹត្ដិការណ៍ដ៏អស្ចារ្យមួយនៅលើពិភពលោកដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ដែលក្នុងមួយឆ្នាំកើតឡើងតែ២ដងប៉ុណ្ណោះ។ ព្រឹត្ដិការណ៍នេះនឹងកើតឡើងនៅថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៤។

ព្រឹត្ដិការណ៍ទី៣ គឺជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤។ ព្រឹត្ដិការណ៍នេះនឹងកើតឡើងនៅថ្ងៃទី២៧ ខែកញ្ញា ដោយមានការសម្តែងសិល្បៈប្រពៃណី,ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍,ការតាំងបង្ហាញឡាន,ម៉ូតូចាស់ៗជាដើម។

តស់! ទៅលេងខេត្ដសៀមរាបទាំងអស់គ្នា ចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចររបស់ប្រទេសកម្ពុជាយើង។