នាពេលខាងមុខ អ្នកនៅភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ នឹងកាត់បន្ថយបញ្ហាទឹកលិចដោយជំនន់ទឹកភ្លៀវបានមួយកម្រិតធំ ក្រោយលូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានដាក់រួចរាល់។នេះបើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។
មន្ទីរសាធារណការ បានឱ្យដឹងថា សកម្មភាពដាក់លូនៅផ្លូវជាតិលេខ ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៤ ការដ្ឋានដាក់លូប្រអប់ខ្នាត់ធំនេះ សម្រេចដាក់លូបានប្រវែង ៦២៤ម៉ែត្រ ឬត្រូវជា ១១ % នៃគម្រោង។
មន្ទីរសាធារណការ ក៏បានបញ្ជាក់ទៀតថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យផងដែរ។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤កាល កាលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី បានអនុម័តកញ្ចប់ថវិកាជាង៣០០លានដុល្លារដើម្បីដោះស្រាយបញ្ហាជន់លិចទីក្រុងភ្នំពេញ ដោយគម្រោងនេះផ្តោតលើ ២មុខព្រួញ ទី១៖ ការបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២៖ ដោះស្រាយប្រព័ន្ធរំដោះទឹកនៅក្នុងក្រុងភ្នំពេញដែលមានស្រាប់។ស្ថាប័នទទួលខុសត្រូវ មានក្រសួងសាធារណការ សាលារាជធានីភ្នំពេញ និងក្រសួងធនធានទឹក។
សូមបញ្ជាក់ដែរថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល៥ឆ្នាំ មានចំនួន៥០គម្រោង។ ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន ២៣គម្រោង។ កម្រោងរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តចំនួន ១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ ៤ BT ទំហំ ៤ម៉ែត្រ x ២ម៉ែត្រនេះ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។
ដោយឡែក ក្នុងចំណោមគម្រោងកាត់បន្ថយបញ្ហាប្រឈមទឹកជំនន់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន ១៣គម្រោង ដែលបាន និងកំពុងអនុវត្តគិត្រឹមថ្ងៃ ១១ ខែកក្កដា ឆ្នាំ២០២៤ សម្រេចបាន ៦.៥%ផងដែរ។នេះបើតាមរបាយការណ៍ពីរដ្ឋបាលរាជធានីភ្នំពេញ៕ អត្ថបទ៖ រង្សី