ក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធច្រានចោលទាំងស្រុង ដែលបំភ្លៃថា មានកាត់ប្រាកខែរបស់គ្រូ ដើម្បីចូលវិភាគទានកសាងផ្លូវក្រវ៉ាតព្រំដែន ខណៈក្រសួងក៏បានចាត់ទុកថា នេះគឺចរិតនិងសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ និងមើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ។
យោតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងអប់រំ ដែលផ្សាយចេញនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្មីៗនេះ ក្រុមជនអគតិបានបំផុសបំផុល និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងការកាត់បៀវត្ស របស់គ្រូ បង្រៀនដើម្បីចូលវិភាគទានទៅក្នុងគម្រោងអភិវឌ្ឍន៍តាមព្រំដែន ដោយកាត់យកតែម្តង និងដោយមិនបានសួរ យោបល់ពីគ្រូបង្រៀន។
ក្រសួងអប់រំ យុវជន និងកីឡាសូមបដិសេធទាំងស្រុង ចំពោះសកម្មភាព បំផុសបំផុល និងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចរិតជាសកម្មភាពញុះញង់ក្នុងរូបភាពអាក្រក់ មើលស្រាលដល់ស្មារតីមហាសាមគ្គីជាតិខ្មែរ និងទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានបរិច្ចាគវិភាគទានផ្ទាល់ ខ្លួនដោយស្ម័គ្រចិត្ត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងបុព្វហេតុរួមគ្នាកសាង និងការពារមាតុភូមិកម្ពុជារបស់យើង។
ទន្ទឹមគ្នានេះ ក្រសួងអប់រំ អះអាងថា ខ្លួនមិនធ្លាប់ចេញសេចក្តីណែនាំ ឬធ្វើការបង្ខិតបង្ខំណាមួយ ឱ្យបុគ្គលិកអប់រំ កាត់បៀវត្ស ដើម្បីចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន នោះឡើយ។ ហេតុនេះ ក្រសួង ក៏សុំផ្ញើសារទៅ ជនលីលានោះឱ្យបានជ្រាបថា បៀវត្សរបស់បុគ្គលិកអប់រំមិនអាចកាត់ដោយគ្មានការយល់ព្រមពីសាមីខ្លួន បានឡើយ ព្រោះបៀវត្សត្រូវផ្ទេរពីគណនីរបស់រតនាគារ ចូលទៅក្នុងគណនីជាបុគ្គលរបស់បុគ្គលិកអប់រំតែម្តង។
បន្ថែមពីនេះ ក្រសួង ក៏សូមថ្កោលទោសចំពោះជនអគតិទាំងឡាយណា ដែលបានបង្កើតព័ត៌មានញុះញង់ និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព្រមទាំងស្នើសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអគតិទាំងនោះផងដែរ៕ អត្ថបទ៖ រង្សី