យោងតាមអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(GDCE) រយៈពេល៨ខែ គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក សម្រេចបានទឹកប្រាក់ ៦,៩២ ពាន់លានដុល្លារ កើនឡើងពី ៦,២៧ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ស្មើនឹង១០,៤ ភាគរយ។
ទិន្នន័យរបស់ GDCE បានបង្ហាញថា៖ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៦,៩២ ពាន់លានដុល្លារ កើនឡើង១០,៤ ភាគរយ ក្នុងនោះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៦,៧៤ ពាន់លានដុល្លារ កើន ១០,៤ ភាគរយ និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ១៧៣,៧៨ លានដុល្លារ កើន ៨,៣ ភាគរយ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកំពុង បន្តធ្វើពិពិធកម្មទីផ្សារ តាមរយៈការចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការធ្វើពិពិធកម្មមុខទំនិញនាំចេញ ឱ្យរក្សាអាទិភាពដូចជា សម្លៀកបំពាក់ ស្បែកជើង កាបូប ទោចក្រយានយន្ត គ្រឿងបន្លាស់ គ្រឿងបង្គុំ និងទំនិញកសិផលកែច្នៃជាច្រើនទៀត ដើម្បីបង្កើននូវផលិតភាពនៃផលិតកម្ម។
គួរបញ្ជាក់ថា៖ ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕