ចំណេញពេល ចំណេញថវិកា! ដឹ ព្រេមៀ សែនធ័រ សែនសុខ ត្រៀមរៀបចំមហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ធំជាងគេមិនធ្លាប់មាន

សង្គម​ និង​សេដ្ឋកិច្ច

មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី១ ប្រចាំឆ្នាំ២០២៤ ធំបំផុតមិនធ្លាប់មាននៅកម្ពុជា ដែលជួបជុំនូវក្រុមហ៊ុនផ្តល់សេវាកម្មរៀបចំពិធីមង្គលការដ៏សម្បូរបែប រួមមានទាំងសម្អាងការ ចុងភៅ ពិធីការ ការតុបតែង ថតរូប ភេសជ្ជៈ គ្រឿងអលង្ការ និងសេវាកម្មពាក់ព័ន្ធជាច្រើន នឹងរួមគ្នាប្រមូលផ្តុំគ្រប់សេវាកម្មអាពាហ៍ពិពាហ៍ទាំងអស់ មកដាក់តាំងបង្ហាញពីផលិតផលសេវាកម្មនីមួយៗក្នុងថ្ងៃតែមួយរយៈពេលបីថ្ងៃនៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសន្និសីទសារព័ត៌មានស្តីពីពិព័រណ៍អាពាហ៍ពិពាហ៍នា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោក មាន សំអុល នាយកគ្របគ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាង ដឹ ព្រេមៀ សែនធ័រ សែនសុខ បានលើកឡើងថា៖ មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍លើកទី១ ដែលនឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃនាថ្ងៃទី២០-២១-២២ ខែកញ្ញា។

លោកបន្ថែមថា គូស្វាមីភរិយាថ្មីរដូវកាលថ្មី ដែលកំពុងជួបប្រទះនឹងផលវិបាកក្នុងការស្វែងរកសេវាកម្មដែលល្អសម្បូរបែប និងគួរជាទីទុកចិត្ត អាចបម្រើសេវាកម្មនៅក្នុងថ្ងៃសិរីសួស្តីបានយ៉ាងដិតដល់ដល់នោះ ព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសមួយយ៉ាងសំខាន់ ដល់គូស្វាមីដែលត្រៀមដឹកដៃចូលរោងការ អាចត្រៀមខ្លួន ស្វែងយល់ឲ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសយកសេវាកម្មដែលខ្លួនពេញចិត្ត ដើម្បីអាចចាត់ចែងរៀបចំពិធីមង្គលរបស់ខ្លួនប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព រួមជាមួយនឹងឱកាសអាចទទួលបាននូវការបញ្ចុះតម្លៃ ការប្រឹក្សាយោបល់ជាមួយអ្នកជំនាញ ព្រមទាំងអាចស្វែងរកនូវសេវាកម្មថ្មីៗ ដែលធ្វើឲ្យថ្ងៃមង្គលសិរីកាន់តែមានភាពអធិកអធម ពោរពេញដោយកិត្យានុភាពជាទីបំផុត។

មហាព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍រៀបចំធ្វើឡើងនៅ ដឹ ព្រេមៀ សែនធ័រ សែនសុខ នាពេលឆាប់ៗខាងមុខនេះ ក៏ជាផ្នែកមួយក្នុងការផ្សព្វផ្សាយវប្បធម៌ និងប្រពៃណីអាពាហ៍ពិពាហ៍ខ្មែរ ដែលជាអត្តសញ្ញាណជាតិមិនអាចខ្វះបាន ជាពិសេសការបង្ហាញទម្រង់សម្លៀកបំពាក់ប្រពៃណីឲ្យស្របតាមពេលវេលា និងសម័យកាលប្រកបដោយក្រិតក្រមត្រឹមត្រូវបំផុត។ មួយវិញទៀត ព្រឹត្តិការណ៍នេះដែរ ក៏មានវេទិកាពិភាក្សាទាក់ទងនឹងចំណេះដឹងជាច្រើនដូចជា ការយល់ដឹងពីប្រវត្តិភ្លេងការទំនៀមទំលាប់ ដេញពេលវេលាថ្ងៃរៀបមង្គលការ និងសេដ្ឋកិច្ចប្រចាំថ្ងៃទាក់ទងនឹងសេវាកម្មផ្គត់ផ្គង់អាពាហ៍ពិពាហ៍ផងដែរ។

សូមជម្រាបបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍អាពាហ៍ពិពាហ៍ដ៏ធំនេះ ក៏នឹងមានការអញ្ជើញចូលរួមសម្ពោធបើកដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងគណៈអធិបតីជាច្រើនរូប។ អ្វីដែលកាន់តែពិសេស ក៏មាននូវការរៀបចំប្រគុំតន្ត្រីខ្នាតធំ កំដរអារម្មណ៍ទស្សនិកជន និងរីករាយជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា រួមមានលោកឧកញ៉ា ខេមរៈ សេរីមន្ត អ្នកនាង មាស សុខសោភា លោក ដួង វិរៈសិទ្ធ លោក ម៉ម ពេជ្ជរិទ្ធ លោក លឹម តិចម៉េង លោក វណ្ណ ថាន់ ក៏ដូចជាសិល្បៈករសិល្បៈការនីជាច្រើនរូប អមដោយកន្លែងកម្សាន្តសម្រាប់ក្មេងតូចៗ Kid Playground យ៉ាងធំទូលាយទំហំជិត ១០០០ម៉ែត្រការ៉េ និងស្តង់អាហាររាប់សិបកន្លែង ត្រៀមទទួលអតិថិជនមកទទួលទាន នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនធ័រ សែនសុខ រាជធានីភ្នំពេញ៕