នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ មានព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យអប់រំ គឺការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)មួយ បានប្រារព្ធឡើង រវាងសាលាធំលំដាប់ទីបួននៃចក្រភពអង់គ្លេស គឺសាលាBromsgrove ដែលបានបង្កើតឡើងតាំងពីឆ្នាំ1553 និងដៃគូកម្ពុជា ក្នុងការបើកសាខាសាលាចក្រភពអង់គ្លេសថ្មីមួយនៅរាជធានីភ្នំពេញ។
សាលាអន្តរជាតិ Bromsgrove International School Cambodia (BISC) គ្រោងនឹងបើកទ្វារនៅឆ្នាំសិក្សា ២០២៥-២០២៦ ខាងមុខនេះ។ សាលានឹងក្លាយជាស្ថាប័នដ៏ទំនើប ពោរពេញទៅដោយបរិស្ថានធម្មជាតិពណ៌បៃតង ជាមួយនឹងសួនកុមារធំទូលាយ ទីលានកីឡា អាងហែលទឹក សាលមហោស្រព និងសម្ភារៈបរិក្ខារយ៉ាងពេញលេញ។ សាលានឹងផ្តល់ការអប់រំលំដាប់ពិភពលោក ដល់សិស្សចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ កម្រិត IB និងកម្រិត A Level។ អ្វីដែលធ្វើឱ្យ BISC ក្លាយជាសាលាអន្តរជាតិដ៏ល្អបំផុតមួយនោះ គឺក្រុមគណៈគ្រប់គ្រងសាលា និងគ្រូបង្រៀនមកពីចក្រភពអង់គ្លេស នឹងមកដំនើរការសាលាដោយផ្ទាល់ ដើម្បីធានាថាកម្មវិធីសិក្សា គ្រូបង្រៀន និងក្រុមការងារទាំងអស់ ត្រូវតែរៀបចំអោយសមស្របទៅនឹងស្តង់ដារអន្តរជាតិពិតប្រាកដ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីលោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ និងលោកបណ្ឌិត សុខ វិចិត្រតំណាងក្រុមកម្ពុជា និងលោកស្រី Rachel Scannell តំណាងសាលា Bromsgrove School UK។
លោកស្រី Rachel Scannell មានប្រសាសន៍ថា “យើងមានសេចក្តីរំភើបរីករាយក្នុងការពង្រីកវិសាលភាពរបស់យើងនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសាខាទីប្រាំមួយរបស់យើងផងដែរ បន្ទាប់ពីយើងមានពីរសាខានៅចក្រភពអង់គ្លេស ពីរសាខា Bromsgrove International School Thailand នៅទីក្រុងបាងកក ប្រទេសថៃ និងមួយសាខា Bromsgrove Mission Hills នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ ការព្រមព្រៀងនេះ នឹងនាំមកនូវប្រវត្តិសាស្រ្តដ៏សម្បូរបែបមួយ ដែលជាឧត្តមភាពផ្នែកអប់រំទៅកាន់ប្រទេសដែលកំពុងរស់រវើកមួយនេះ”។ តំណាងសាលា Bromsgrove UK ក៏បានបន្ថែមទៀតថា “យើងជឿជាក់ថា BISC នឹងផ្តល់នូវបទពិសោធន៍អប់រំដ៏ពិសេស និងសម្បូរបែប សម្រាប់សិស្សានុសិស្ស ជាពិសេសគឺការជួយរៀបចំពួកគេដើម្បីភាពជោគជ័យនៅក្នុងពិភពសកលភាវូបនីយកម្មកាន់តែខ្លាំងឡើង”។
លោកឧកញ៉ាបណ្ឌិត កែវ សម្បត្តិ បានថ្លែងអំណរគុណចំពោះសាលា Bromsgrove UK ដែលបានជ្រើសរើសប្រទេសកម្ពុជាជាប្រទេសដៃគូ “ភាពជាដៃគូនេះ គឺជាសក្ខីភាពនៃមិត្តភាពដ៏រឹងមាំរវាងប្រជាជាតិយើងទាំងពីរ។ យើងមានទំនុកចិត្តថា BISC នឹងក្លាយជាស្ថាប័នអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដោយផ្តល់ជូនសិស្សានុសិស្ស នូវការអប់រំលំដាប់ពិភពលោក ដែលអាចជួយឱ្យពួកគេត្រៀមខ្លួបរួចជាស្រេចសម្រាប់បញ្ហាប្រឈមនៃសតវត្សរ៍ទី 21″។
លោកបណ្ឌិត សុខ វិចិត្រ បានបន្ថែមថា “យើងប្តេជ្ញាផ្តល់នូវបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងការចិញ្ចឹមបីបាច់ថែរក្សា ដែលជួយបណ្តុះ និងជំរុញភាពឆ្លាតវៃ ភាពច្នៃប្រឌិត ការគិតត្រិះរិះពិចារណា និងជាពិសេសគឺជំនាញដោះស្រាយបញ្ហាដល់សិស្សានុសិស្សគ្រប់គ្នា។ យើងជឿជាក់ថា BISC នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំអនាគតនៃវិស័យអប់រំនៅកម្ពុជាអោយឈានដល់កម្រិតស្តង់ដារពិភពលោក”។
ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអភិវឌ្ឍន៍ BISC ដែលគ្រោងនឹងក្លាយទៅជាសាលាអន្តរជាតិឈានមុខគេនៅកម្ពុជា។ ដោយផ្តោតលើឧត្តមភាពសិក្សា បរិស្ថានធម្មជាតិ និងស្តង់ដារអន្តរជាតិ BISC ត្រៀមខ្លួនជាស្រេចដើម្បីបង្ហាញពីសក្តានុភាព និងឥទ្ធិពលវិជ្ជមានលើវិស័យអប់រំនៅកម្ពុជា៕