អ្នកឧកញ៉ា ឈួន ហាវ៉ុន យកកំពូលរថយន្ត Supercar និងប្រណីតៗ ចំនួន ៩ គ្រឿង ចូលរួមក្នុងមហាព្រឹត្តិការណ៍ Gumball 3000 លើកដំបូងនៅកម្ពុជា

កម្សាន្ត

ដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និង ត្រៀមបំបែកកំណត់ត្រាពិភពលោកហ្គីណេស រួមទាំងចូលរួមសប្បុរសធម៌បរិច្ចាគឧបត្ថម្ភ ទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា នេះ អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយក ហាងលក់រថយន្តប្រណីត Hawon Auto Car បាននាំយកប្រភេទរថយន្តប្រេនល្បីៗ ប្រភេទ Hypercar, Supercar, Sports Car និងរថយន្តប្រណីតៗ សរុប ចំនួន ៩ គ្រឿងមកចូលរួមអបអរសាទរក្នុងមហាព្រឹត្តិការណ៍ Gumball 3000 ដែលជាព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តលំដាប់ពិភពលោកលើកដំបូង និងមិនធ្លាប់មាននៅប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូលរថយន្ត Supercar និងរថយន្តប្រណីតៗទាំង ៩ របស់អ្នកឧកញ៉ា ឈួន ហាវ៉ុន នាំមកចូលរួម កម្សាន្តសប្បាយជាមួយហ្វេនៗ នៅបរិវេណសួនបុទុមវតី និងវិមានឯករាជ រាជធានីភ្នំពេញ រួមមាន៖ រថយន្តLamborghini SV, Lamborghini Urus, Lamborghini Huracan, McLaren GT, Mercedes GT Black Series, Mercedes S Brabus 730, Mercedes G Mansory 720, BMW XM, និង Bentley Flying Spur ។ នេះបើតាមការបញ្ជាក់របស់ អ្នកឧកញ៉ា ឈួន ហាវ៉ុន ម្ចាស់ការ៉ាស់ទិញ-លក់រថយន្តប្រណិត Hawon Auto Car ប្រាប់ Oknha News ។

ហាងលក់រថយន្ត Hawon Auto Car របស់ អ្នកឧកញ៉ា ឈួន ហាវ៉ុន គឺជាហាងទិញ លក់ និងនាំចូលរថយន្ត ប្រណីតប្រេនល្បីៗមកពីជុំវិញពិភពលោក។ បច្ចុប្បន្ន Hawon Auto Car មាន ២ទីតាំង គឺទីតាំងទី១ ស្ថិតនៅផ្លូវសុធារស ជិតផ្សារទំនើប AEON I ក្បែរកោះពេជ្រ និងទីតាំងទី២ ស្ថិតនៅផ្លូវលេខ៣៧៤ សង្កាត់ទួលស្វាយព្រៃ។

គួរបញ្ជាក់ផងដែរថា មហាព្រឹត្តិការណ៍ Gumball 3000 ជាកម្មវិធីប្រមូលផ្ដុំដោយរថយន្តទំនើបៗប្រមាណជា ១៥០ គ្រឿងដែលបើកបរដោយបុគ្គលល្បីៗមានឥទ្ធិពលមកពីជាង ៥០ ប្រទេសចម្រុះជាតិសាសន៍ ដែលមានអ្នកចូលរួមសុទ្ធសឹងជា មហាសេដ្ឋី អតីតកីឡាករ កីឡាការិនី តារាហូលីវូដ តារាចម្រៀង តារារ៉េប អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម Youtuber ខ្មែរ និងអន្តរជាតិ រួមទាំងបុគ្គលល្បីៗជា ច្រើនទៀត មកពីជុំវិញពិភពលោក។ កម្មវិធីលំដាប់ពិភពលោកនេះ នឹងប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៅសួនវត្តបទុមវតី នាថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៤ និងបន្តទៅខេត្តសៀមរាបនៅថ្ងៃទី ១៦-១៧ ខែកញ្ញាឆ្នាំ ២០២៤ ដើម្បីជួយផ្សព្វផ្សាយពីវិស័យទេសចរណ៍ និង ត្រៀមបំបែកកំណត់ត្រាពិភពលោកហ្គីណេស។ ទន្ទឹមគ្នានេះ ថវិកាទាំងអស់ដែលទទួលបានពីសប្បុរសជនលើការបរិច្ចាគ និងឧបត្ថម្ភនានា នឹងត្រូវ យកទៅជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ទាំងអស់៕